បាល់ទាត់៖ ក្លិប Nice ត្រូវបានសំរេចកាត់ពិន្ទុចំនួន ២ពិន្ទុបន្ទាប់ពីការរំខានដោយអ្នកគាំទ្រលើកមុនអំឡុងការប្រកួតរវាង Nice និង Marseille កាលពីថ្ងៃទី២២ ខែសីហា។ ក្រុមបាល់ទាត់ Nice ត្រូវបានសំរេចឱ្យឈ្នះ Olympique Marseille ៣-០ បន្ទាប់ពីការប្រកួតដ៏ច្របូកច្របល់មានការរំខានពីអ្នកគាំទ្រ។

Nice បាននាំមុខមុន ១-០ ដោយគ្រាប់បាល់របស់ Kasper Dolberg តែក្រោយមកការប្រកួតក៏ត្រូវបានផ្អាកដោយសារអ្នកគាំទ្រ Nice រត់ចូលមកក្នុងទីលាន។ ក្រុមអ្នកគាំទ្រនៅខាងក្រោយសំណាញ់ទីបានចោលដបទឹក និងវត្ថុរឹងផ្សេងៗមកលើកីឡាកររបស់ Marseille, Dimitry Payet ហើយ Payet ខឹងក៏រើសដបនោះគប់ទៅអ្នកគាំទ្រវិញ ដែលធ្វើឱ្យកំហឹងរបស់អ្នកគាំទ្រ Nice កាន់តែខ្លាំង និងរត់ចូលទីលានរហូតដល់ការប្រកួតត្រូវបានសំរេចផ្អាកតែម្តង។ ក្រៅពីនោះ Nice ក៏ត្រូវរងពិន័យប្រកួត ៣ប្រកួតមិនឱ្យអ្នកគាំទ្រចូលទស្សនា។
Dimitry Payet ត្រូវពិន័យមិនឱ្យប្រកួត ១ប្រកួតផងដែរ ហើយកីឡាករបារាំងមួយរូបទៀត Alvaro Gonzalez ត្រូវពិន័យ ២ប្រកួត។ មិនមែនជាលើកដំបូងទេក្នុងរដូវកាលនេះ កាលពី ២សប្តាហ៍មុនជំនួបដែល Marseille យកឈ្នះ Montpellier ៣-២ ក៏មានការរំខានពីអ្នកគាំទ្ររត់ចូលទីលាន និងចោលដបទឹកលើកីឡាករបែបនេះដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ