ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់លោក នៅក្នុងរដ្ឋធានីថ្មី Nusantara ដែលបានគ្រោងទុក នៅថ្ងៃចន្ទ (ទី១២ ខែសីហា) ខណៈដែលមេដឹកនាំជិតផុតអាណត្តិរូបនេះ ស្វែងរកការធានាជាថ្មីដល់អ្នកវិនិយោគគម្រោងដ៏ធំមហិមាចំនួន ៣២ពាន់លានដុល្លាររបស់លោកថា នៅតែដំណើរការទៅមុខដដែល មុនពេលលោកចុះពីតំណែង នៅខែតុលានេះ។
អស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការប្រកាសនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏លេចធ្លោរបស់លោក ដែលធ្វើឡើងក្នុងគោលបំណងបន្ធូរបន្ថយបន្ទុកលើទីក្រុងហ្សាការតា ដែលមានចរាចរណ៍កកស្ទះ លិចទឹក និងប្រជាជនណែនណាន់តាប់តាប់ ទីក្រុង Nusantara បានប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះរួមទាំងការពន្យារពេលសាងសង់ កង្វះការវិនិយោគបរទេស ហើយនិងបញ្ហាគ្រប់គ្រង និងដីធ្លី។
លោកប្រធានាធិបតី ដែលគេស្គាលថា លោក Jokowi នោះ បានលើកឡើងថា ទីតាំងនេះ គឺជាយុទ្ធសាស្ត្រ ហើយនឹងជំរុញការអភិវឌ្ឍន៍ស្មើៗគ្នា នៅទូទាំងប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ ដោយលោកបន្ថែមថា ចំនួនប្រជាជន និងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានគ្រប់គ្រងជាយូរមកហើយដោយកោះជ្វាដែលមានចំនួន ៥៨ភាគរយនៃផលិតផលក្នុងស្រុកសរុប។
គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីស្ទើរតែទាំង ៣៤រូប បានចូលរួមកិច្ចប្រជុំ នាថ្ងៃចន្ទនេះ ក្នុងនោះរួមទាំងរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត លោក Prabowo Subianto ដែលនឹងត្រូវធ្វើពិធីចូលកាន់តំណែង នៅថ្ងៃទី២០ ខែតុលា៕