អភិបាលស្តីទីនៃតំបន់Kursk លោក Alexey Smirnov បានជួបជាមួយអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Bulyga ហើយបាននិយាយថា ក្រសួងកំពុងជំរុញឲ្យមានវិធាន ដើម្បីរក្សាស្ថិរភាព ចំពេលមានការវាយប្រហាររបស់អ៊ុយក្រែន។
លោកបានសរសេរនៅលើបណ្តាញសង្គម Telegram ថា៖«ខ្ញុំបានជួបជាមួយអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Andrey Bulyga ។ យើងបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ព្រំដែន និងវិធានការដែលកំពុងត្រូវបានចាត់ឡើងប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ុយក្រែន ដើម្បីគ្រប់គ្រងនៅក្នុងតំបន់Kursk»។ ស្ថានភាពនេះ នៅតែបន្តតានតឹង។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី និងភ្នាក់ងារឯកសណ្ឋានទាំងអស់ កំពុងចាត់វិធានការយ៉ាងពេញលេញ ដើម្បីធ្វើឲ្យស្ថានភាពនៅក្នុងតំបន់ មានស្ថិរភាព។
លោក Smirnov ក៏បាននិយាយផងដែរថា កងកម្លាំងនិងគ្រឿងយុទ្ធោបកណ៍បន្ថែម កំពុងមកដល់តំបន់ Kursk ហើយយោធា កំពុងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិល។
លោកបានបញ្ជាក់ថា៖«ការយកចិត្តទុកដាក់ជាពិសេស ត្រូវបានផ្តោតទៅលើការចូលរួមរបស់អ្នកប្រយុទ្ធស្ម័គ្រចិត្តក្នុងការធ្វើឲ្យស្ថានការណ៍មានស្ថិរភាព។ ក្រុមយុទ្ធជន ជួយរក្សាវិធានការសន្តិសុខចាំបាច់ ដែលជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងភេរវកម្ម ដែលកំពុងបន្ត និងជម្លៀសអ្នកស្រុកពីតំបន់ព្រំដែន ទៅកាន់មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្ន»។