ភ្នំពេញ៖ថ្ងៃទី៩កញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានផ្តល់ជាអំណោយឧបត្ថម្ភរួមមានគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ជូនដល់បុគ្គលិកអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីដោះស្រាយជីវភាពក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ និងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ។
ក្នុងពិធីសំណេះសំណាល និងចែកជូនអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ជូនដល់បុគ្គលិកអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ននេះ លោក ឆារស៏ វ៉ាន់ ទីប្រឹក្សា និងជាតំណាងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងលោកជំទាវ ហ៊ុន ម៉ាណា តែងគិតគូរពីសុខទុក្ខរបស់បុគ្គលិកទាំងអស់គ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់ កាលការរីករាលដាលនៃជំងឺកូវីដ១៩នេះ ហើយដែលត្រូវពុះពារបំពេញការងារបំរើដល់ការផ្សព្វផ្សាយព័ត៌មាន និង ការកម្សាន្តជូនប្រជាពលរដ្ឋ។
ដោយសារទឹកចិត្តអាណិតស្រលាញ់របស់សម្តេចទាំងទ្វេរ និងលោកជំទាវអគ្គនាយិកាបើទោះបីមិនបានជួនផ្ទាល់ ក៏ពិតមែន តែលោកតែងផ្ញើរការនឹករលឹកបារម្ភពីសុខមាលភាពក្នុងពេលបំពេញការងារ ព្រមទាំងឧបត្ថម្ភគាំទ្រ ចំពោះបុគ្គលឹក និងក្រុមគ្រួសារផងដែរចំពោះអ្នកដែលជូបការលំបាក។ ហើយបើទោះបីជាក្នុងដំណាក់កាលនេះ បញ្ហាជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ក្រុមហ៊ុនមួយចំនួនត្រូវបង្ខំចិត្តឲ្យមានការកាត់បន្ថយបុគ្គលិកពីការងារយ៉ាងណាក៏ដោយ ប៉ុន្តែ សម្រាប់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នពុំមានការអនុវត្តបែបនេះឡើយ តែផ្ទុយទៅ វិញគឺបុគ្គលិកទាំងអស់ត្រូវបានធានាទាំងសុខមាលភាពទាំងប្រាក់បៀរវត្សន៍ ហើយលើសពីនេះថែមទាំងតែង ទទួលបាននូវអំណោយឧបត្ថម្ភជាបន្តបន្ទាប់ បន្ថែមលើការលើកទឹកចិត្តនានា។
គួរបញ្ជាក់ថា សម្រាប់អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា ផ្តល់ជូនបុគ្គលិក អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ននាពេលនេះរួមមាន អង្ករ ត្រីខ មី អំបិល ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកាមួយចំនួន។ ហើយនេះគឺជាលើកទី២ហើយក្នុងឆ្នាំ២០២១នេះ ដែលសម្តេចទំាងទ្វេរ និងលោកជំទាវអគ្គនាយិកា បានផ្តល់ជូនបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នដែលលើកទី១បានផ្តល់ជូនមុនឱ្យកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ៕










