ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ (ទី១២ ខែសីហា) បានប្រាប់ឲ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឲ្យមានការផ្លាស់ប្តូរការសម្ងាត់ និងសម្ភារៈនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបំពាក់កងទ័ពជើងទឹករបស់ខ្លួនជាមួយនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
កិច្ចព្រមព្រៀងនេះភ្ជាប់ប្រទេសទាំង៣ ទៅនឹងការរៀបចំសន្តិសុខ សម្រាប់ការផ្ទេរសម្ភារៈនុយក្លេអ៊ែរដ៏រសើបរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ហើយជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី ហៅកាត់ថា Aukus ឆ្នាំ២០២១។
ប្រទេសដៃគូ Aukus ដែលស្រមៃចង់សាងសង់កងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអូស្ត្រាលី និងរួមគ្នាអភិវឌ្ឍសមត្ថភាពប្រយុទ្ធ ក្នុងសង្គ្រាមកម្រិតខ្ពស់ ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបយុទ្ធសាស្ត្រ ចំពោះមហិច្ឆតាយោធារបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក។
លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី បានលើកឡើងថា៖ «កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ និងបំពាក់ដោយអាវុធប្រពៃណី សម្រាប់កងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី»។ លោកបានបន្ថែមថា ការទិញយកកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ប្រទេសអូស្ត្រាលី នឹងកំណត់ «ស្តង់ដារមិនសាយភាយខ្ពស់បំផុត» ដោយលោកសង្កត់ធ្ងន់ថា ប្រទេសនេះមិនស្វែងរកអាវុធនុយក្លេអ៊ែរទេ។
កិច្ចព្រមព្រៀងចុងក្រោយបំផុត ដែលត្រូវបានចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន និងត្រូវបានលើកយកមកពិភាក្សា ក្នុងសភាអូស្ត្រាលី នៅថ្ងៃទី១២ ខែសីហានេះ រួមមានការអំពាវនាវឲ្យអូស្ត្រាលីផ្ដល់ការធានាដល់ដៃគូរបស់ខ្លួន ទប់ទល់នឹងហានិភ័យផ្សេងៗ ពោលគឺជាគ្រោះថ្នាក់នុយក្លេអ៊ែរ ពាក់ព័ន្ធនឹងសម្ភារៈ ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសនោះ៕