ប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទ (ទី១២ ខែសីហា) នេះ បាននិយាយថា ខ្លួនមិនបានឃើញនូវសញ្ញាណាមួយដែលបង្ហាញពីការដំឡើងចំនួនកងកម្លាំងបេឡារុសនៅជិតព្រំដែនរបស់ពួកគេនោះទេ ដោយវាផ្ទុយនឹងសេចក្តីថ្លែងការណ៍របស់ទីក្រុងមីនស្ក៍ (Minsk) ដែលថា ខ្លួនបានបញ្ជូនទាហានបន្ថែមទៀតទៅកាន់តំបន់នោះ។
អ្នកនាំពាក្យសេវាឆ្មាំព្រំដែនអ៊ុយក្រែន លោក Andriy Demchenko បាននិយាយថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងមិនបានកត់សម្គាល់ឃើញនោះឡើយនូវចលនា ឬការបង្កើនចំនួនកម្លាំងទ័ពរបស់បេឡារុស (ដែលរួមមាន) ដូចជាអង្គភាព គ្រឿងយុទ្ធោបរណ៍ និងបុគ្គលិក នៅជិតព្រំដែនរបស់យើង»។
គួរបញ្ជាកល់ថា សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់វិមានក្រឹមឡាំង គឺបេឡារុសដែលមានព្រំប្រទល់ជាប់ភាគខាងជើងនៃប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា ខ្លួនកំពុងបញ្ជូនកងទ័ពទៅពង្រឹងព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន បន្ទាប់ពីបានចោទប្រកាន់ទីក្រុងគីវថា បានរំលោភលើដែនអាកាសរបស់ខ្លួនដោយយានដ្រូន។
ការបង្កើនចំនួនទ័ពរបស់បេឡារុស នៅតាមព្រំដែន នឹងមានន័យថា ជាការគំរាមកំហែង នាពេលខាងមុខ ដែលអ៊ុយក្រែនអាចមានអារម្មណ៍ថា ត្រូវបានបង្ខំឲ្យឆ្លើយតបដោយការបង្វែរកងទ័ពដែលរវល់នឹងការប្រយុទ្ធរួចហើយ ដើម្បីទៅពង្រឹងតំបន់នេះ ក្នុងពេលមានភាពតានតឹងតាមបណ្តោយព្រំដែនភាគខាងជើងអ៊ុយក្រែនជាមួយរុស្ស៊ី៕