ឯកឧត្តមសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដើម្បីពន្យល់បន្ថែមទៀតស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ DTA ហើយជាមួយសារគាំទ្រនេះប្រមុខក្រសួងមហាផ្ទៃរូបនេះក៏បានអំពាវនាវយ៉ាងទទួច ដល់ជនអគតិមួយចំនួនបញ្ឈប់ការឆ្កឹះឆ្កៀលទាក់ទងនឹងកិច្ចសហប្រតិបត្តិការនេះ ដើម្បីតែបំពេញមហិច្ឆតារបស់ពួកផងខ្លួនផងដែរ។

តាមរយៈផេកហ្វេសបុកផ្ទាល់ខ្លួន នាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយក រដ្ឋមន្រ្តី ស សុខា បានលើកឡើងថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីផ្នែកពន្ធនាគារ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតនូវសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា សារសំឡេងពន្យល់បន្ថែមរបស់សម្ដេចតេជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិកាន់តែយល់ច្បាស់និងស៊ីជម្រៅលើ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»នេះថា៖ ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។ទី៣.មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។ ផ្ទុយទៅវិញ វាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»នេះ បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖ទី១.ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន។ ទី២.ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។ និងទី៣.ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវ ទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា«សារពន្យល់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកន្លងទៅ និងសម្ដេចតេជោ ហ៊ុន សែន នាពេលនេះ ល្មមឱ្យបងប្អូនយល់ និង ចៀសបានពីការញុះញង់បោកបញ្ឆោតរបស់ក្រុមឱកាសនិយមខុសតម្រាទាំងនោះហើយ។ ខ្ញុំសូមទទូចដល់បងប្អូនជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា លើសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ដែលលោកតែងផ្ញើសារពន្យល់ប្រកបដោយព្រហ្មវិហារធម៌ និងទទូចដោយសន្តិវិធីឱ្យបញ្ឈប់ការឆ្កឹះឆ្កៀល ក៏ដូចជាបញ្ឈប់ការចូលរួមធ្វើសកម្មភាពខុសច្បាប់នានាដើម្បីបំពេញមហិច្ឆតាដ៏ពិសពល់របស់ក្រុមណាមួយ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនោះ។ ទាំងនេះ ពុំមែនជាសេរីភាពបញ្ចេញមតិដែលច្បាប់ការពារនោះទេ គឺជាជំហានហួសបន្ទាត់ក្រហម ដែលជាបទល្មើសព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទាំងមូល។ សូមបងប្អូន កុំលង់ខ្លួនក្លាយទៅជា«តេឡេ» សម្រាប់គេចុចបញ្ជាឱ្យធ្វើអ្វី«ចំអែតតណ្ហា»របស់ពួកគេ។ សូមបងប្អូនទទួលនូវការស្រឡាញ់រាប់អានដោយស្មោះពីខ្ញុំ!»៕អត្ថបទបាន ចក់