សេតវិមានបាននិយាយកាលពីថ្ងៃចន្ទ (១២ សីហា) ថា សហរដ្ឋអាមេរិក មិនមានតួនាទីក្នុងការបណ្តេញនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina) ដែលថ្មីៗនេះបានលាឈប់ពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេសទេ ដោយហៅការចោទប្រកាន់ពីការជ្រៀតជ្រែករបស់អាមេរិក ថា «ជារឿងមិនពិត»។

អ្នកនាំពាក្យសេតវិមាន លោកស្រី ខាតារីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវសាកសួរពីការរាយការណ៍លើការជាប់ពាក់ព័ន្ធរបស់អាមេរិកក្នុងការតវ៉ានៅបង់ក្លាដែសថា «យើងមិនមានការពាក់ព័ន្ធអ្វីទាល់តែសោះ។ របាយការណ៍ ឬពាក្យចចាមអារាមទាំងឡាយណាដែលថារដ្ឋាភិបាលសហរដ្ឋអាមេរិក បានជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ទាំងនោះគឺជារឿងមិនពិត»។

របាយការណ៍មួយនៅក្នុងសារព័ត៌មាន អ៊ីកូណូមិក ថែមស៍ (Economic Times) នៅឥណ្ឌា កាលពីថ្ងៃអាទិត្យ (១១ សីហា) បានដកស្រង់សម្តីលោកស្រី Hasina ដែលបានចោទអាមេរិកថាបានដើរតួនាទីក្នុងការបណ្តេញលោកស្រីពីតំណែង ដោយសារតែខ្លួនចង់គ្រប់គ្រងលើកោះ សេន ម៉ាទីន (Saint Martin) របស់បង់ក្លាដែស នៅឈូងសមុទ្រ បេនហ្គាល់ (Bengal)។ សារព័ត៌មាននេះនិយាយថា លោកស្រី Hasina បានបញ្ជូនសារនោះទៅកាន់ខ្លួនតាមរយៈសហការីជិតស្និទ្ធ។

កូនប្រុសរបស់លោកស្រី Hasina គឺលោក សាជីប វ៉ាហ្សេដ (Sajeeb Wazed) នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យ និយាយថា ម្ដាយខ្លួនមិនដែលនិយាយបែបនេះទេ។ បង់ក្លាដែស ត្រូវបានកក្រើកដោយបាតុកម្ម និងអំពើហិង្សាបន្ទាប់ពីការតវ៉ារបស់និស្សិតកាលពីខែមុន ដែលបានសម្លាប់មនុស្សរាប់រយនាក់។ នោះនាំឱ្យមានការលាលែងពីតំណែងរបស់លោកស្រី Hasina ហើយបានភៀសខ្លួនទៅទីក្រុងញូវដេលី បន្ទាប់ពីចាកចេញពីបង់ក្លាដែស ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល ១៥ឆ្នាំដែលមិនមានការរំខានរបស់ខ្លួន៕