លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃចន្ទ (១២ សីហា) បានរំលឹកឡើងវិញពីហេតុការណ៍ប៉ុនប៉ងធ្វើឃាតរបស់លោកយ៉ាងលម្អិត ហើយបានសន្យាថានឹងមានការនិរទេសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក អំឡុងពេលការវិលត្រឡប់ទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពីមុនគេស្គាល់ថា Twitter ក្នុងការសន្ទនាដែលត្រូវបានរំខានដោយបញ្ហាបច្ចេកទេស។

លោក Trump បានប្រាប់ម្ចាស់ក្រុមហ៊ុន X លោក អ៊ីឡុន ម៉ាស (Elon Musk) ថា «បើខ្ញុំមិនបានងាកក្បាលចេញបន្តិចនៅពេលបាញ់ប្រហារនោះ ប្រហែលខ្ញុំមិនអាចមកនិយាយជាមួយអ្នកបានទេឥឡូវនេះ»។ លោក Musk ដែលជាអតីតអ្នករិះគន់លោក Trump បាននិយាយថា ភាពក្លាហានរបស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះដូចដែលបានបង្ហាញចំពោះការបាញ់ប្រហារកាលពីខែមុន គឺមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខជាតិ។

ការសន្ទនាជាសាធារណៈដ៏កម្ររវាងលោក Trump និងលោក Musk ដែលមានភាពស្និទ្ធស្នាលច្រើនលើសលប់ បានបង្ហាញតិចតួចណាស់ពីផែនការរបស់លោក Trump សម្រាប់អាណត្តិទីពីរ។ អតីតប្រធានាធិបតីរូបនេះបានចំណាយពេលពិភាក្សាជាច្រើនផ្តោតលើការប៉ុនប៉ងធ្វើឃាត អន្តោប្រវេសន៍ខុសច្បាប់ និងផែនការរបស់លោកក្នុងការកាត់បន្ថយបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។
ទោះជាយ៉ាងណាក្ដី កិច្ចពិភាក្សានេះបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទិដ្ឋភាពនយោបាយរបស់អាមេរិកក្នុងប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីលោក Trump ត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ដោយអតីតថ្នាក់ដឹកនាំរបស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិតដែលបង្កឱ្យមានការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើសភា និងធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យអាមេរិក៕