វាយកូនបាល់៖ កីឡាការិនីអង់គ្លេស Emma Raducanu បានបន្តក្តីស្រមៃរបស់ខ្លួនក្នុងការបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍ Grand Slam, US Open ដោយបានឈានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយជ័យជំនះលើកីឡាការិនីម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូ Belinda Bencic។

កីឡាការិនីវ័យ ១៨ឆ្នាំ Raducanu ហាក់ដូចមិនបានបង្ហាញការលំបាករបស់ខ្លួនឡើយ ក្រោយយកឈ្នះកីឡាការិនីប៊ែលហ្ស៊ិក Belinda Bencic លទ្ធផល ២សិតផ្ទួនៗ ៦-៣ និង ៦-៤។ ជ័យជំនះនេះធ្វើឱ្យនាងហក់ចូលក្នុងលំដាប់ Top 50 នៃតារាងចំណាត់ថ្នាក់ពិភពលោក និងក្លាយជាកីឡាការិនីលំដាប់លេខ១ របស់អង់គ្លេសផងដែរ។ ជុំបន្ត Emma Raducanu នឹងបន្តជួបជាមួយកីឡាការិនីក្រិក Maria Sakkari ដែលទើបតែបានយកឈ្នះកីឡាការិនីឆេកលំដាប់លេខ៤ Karolina Pliskova ដោយលទ្ធផល ៦-៤ និង ៦-៤។

ងាកមកការប្រកួតផ្នែកបុរសវិញ ម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូកីឡាករអាល្លឺម៉ង់ Alexander Zverev ក៏បានកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ក្រោយយកឈ្នះកីឡាករអាហ្វ្រិកខាងត្បូង Lloyd Harris។ រយៈពេលជាង ២ម៉ោង Zverev បានយកឈ្នះ Harris ក្នុងលទ្ធផល ៧-៦(៨-៦), ៦-៣ និង ៦-៤៕
អត្ថបទ៖នាង សុភាវុធ