ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសស៊ូដង់កំពុងស្ថិតក្នុង ដំណាក់កាលយ៉ាប់យ៉ឺនបំផុត ខណៈចំនួនដែលចេះតែកើនឡើងនៃប្រជាជនត្រូវការអាហារ ទឹក ទីជម្រក និងការថែទាំវេជ្ជសាស្រ្តនៅក្នុងប្រទេស ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមកាន់តែខ្លាំង។អង្គការសហប្រជាជាតិនិយាយថា មនុស្សចំនួន ១៩.០០០នាក់ស្លាប់ និង ៣៣.០០០នាក់របួសនៅក្នុងជម្លោះស៊ូដង់។

មនុស្សជាង៨លាននាក់ត្រូវបានរត់ភៀសខ្លួន ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) កាលពីឆ្នាំមុន ដោយបានអូសទម្លាក់ប្រទេសចូលទៅក្នុងអ្វីដែលអង្គការសហប្រជាជាតិបានហៅថា គ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយនៅក្នុងការចងចាំនាពេលថ្មីៗនេះ ។

លោក អូស្មាន់ បេលបេស៊ី (Othman Belbeisi) នាយកអង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ (IOM) ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើគ្មានការឆ្លើយតបជាសកលភ្លាមៗ ទ្រង់ទ្រាយធំ និងមានការសម្របសម្រួលទេនោះ យើងប្រឈមនឹងការមើលឃើញនៃការស្លាប់ដែលអាចទប់ស្កាត់បានរាប់ម៉ឺននាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។លោកបានបន្ថែមថា យើងកំពុងស្ថិតនៅដំណាក់កាលមួយដ៏យ៉ាប់យ៉ឺន និងដ៏មហន្តរាយ បំផុត។
សេចក្តីថ្លែងការណ៍បាននិយាយថា យ៉ាងហោចណាស់ពាក់កណ្តាលនៃអ្នកភៀសខ្លួនគឺជាកុមារនៅក្នុងសង្រ្គាមដែលនៅតែបន្ត កម្រិតដ៏គួរឱ្យរន្ធត់នៃការរំលោភសិទ្ធិ ការកំណត់គោលដៅជនជាតិភាគតិច ការសម្លាប់រង្គាលលើប្រជាជនស៊ីវិល និងអំពើហិង្សាផ្អែកលើយេនឌ័រ៕