ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (១២ សីហា) ថា ក្រុមតំណាងរបស់ខ្លួនបានត្រួតពិនិត្យទីតាំងដែលបានខូចខាតដោយអគ្គិភ័យនៅរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសសៀ (Zaporizhzhia) ដែលគ្រប់គ្រងដោយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនអាចកំណត់ភ្លាមៗពីមូលហេតុនៃការឆេះនៅទីនោះទេកាលពីចុងសប្តាហ៍។

ទីក្រុងមូស្គូ និងទីក្រុងគីវ បានចោទដាក់គ្នាទៅវិញទៅមកថាបានបង្កអគ្គិភ័យនៅរោងចក្រថាមពលនុយក្លេអ៊ែរដែលស្ងាត់ជ្រងំដ៏ធំក្នុងប្រទេសអ៊ុយក្រែន ដោយរុស្ស៊ី បានស្តីបន្ទោសការវាយប្រហារដោយយានដ្រូន ហើយអ៊ុយក្រែនបាននិយាយថា ទំនងជាការធ្វេសប្រហែសរបស់រុស្ស៊ី ឬជាការដុតដោយចេតនា។

IAEA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមការងារខ្លួនមិនបានរកឃើញសញ្ញាភ្លាមៗនៃសំណល់យានដ្រូនទេ ហើយក៏បានវាយតម្លៃថា មិនទំនងជាមានប្រភពចម្បងនៃអគ្គិភ័យបានចាប់ផ្តើមនៅឯមូលដ្ឋាននៃប៉មធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់នោះឡើយ។ ទាំងទីក្រុងមូស្គូ ឬទីក្រុងគីវ មិនបានរាយការណ៍ពីសញ្ញានៃកំណើនវិទ្យុសកម្មទេ។

ទីភ្នាក់ងារ IAEA បាននិយាយថា ការខូចខាតទំនងជាផ្តោតទៅលើផ្នែកខាងក្នុងនៃប៉មនៅកម្រិតចែកចាយនៃប្រភពទឹក ដែលមានកម្ពស់ប្រហែល ១០ម៉ែត្រ។ គួររម្លឹកថា រុស្ស៊ី បានដណ្តើមយករោងចក្រនេះពីអ៊ុយក្រែនភ្លាមៗបន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅឆ្នាំ២០២២ លើប្រទេសជិតខាងមួយនេះ៕