ភ្នំពេញ ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បន្តគាំទ្រជានិច្ចចំពោះយន្តការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់ត្រីកោណមាស ខណៈបញ្ហាគ្រឿងញៀនសកលស្ថិតនៅកម្រិតព្រួយបារម្ភខ្លាំងនៅឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបបតីភាពបើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តាប្រទេសហត្ថលេខីលើអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ១៩៩៣ ស្តីពី «កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន» នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ ដោយកិច្ចប្រជុំនេះ មានការចូលរួមពីប្រទេសចំនួន៦ មានប្រទេសកម្ពុជា ចិន ឡាវ សហភាពម៉ីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាមរួមទាំងតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មUNODCផងដែរនោះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាសូមគាំទ្រពេញទំហឹង ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងតំបន់ត្រីកោណមាស ក៏ដូចជាពិភពលោក ហើយការរៀបចំ និងពង្រឹងនូវយន្តការ និងចាត់វិធានការយ៉ាងតឹងរឹងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់មេគង្គលើ និងតំបន់មេគង្គក្រោម រួមជាមួយតំបន់ពាក់ព័ន្ធដទៃទៀត សំដៅទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការនាំសារធាតុគីមីផ្សំចូល និងការចរាចរគ្រឿងញៀន ចេញពីតំបន់ត្រីកោណមាសជាដើមនោះ។
ឯកឧត្តម បានបន្តទៀតថា«កម្ពុជាឯកភាព និងវាយតម្លៃខ្ពស់ចំពោះការយល់ឃើញថា «គ្មានសារធាតុគីមីផ្សំ គ្មានគ្រឿងញៀន» ហើយកម្ពុជា ក៏បាននឹងកំពុងដាក់ចេញនូវវិធានការ និងសកម្មភាពជាក់ស្តែងមួយចំនួនក្នុងការចូលរួមទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបំផុត ក្នុងការបង្វែរសារធាតុគីមីផ្សំពីសកម្មភាពស្របច្បាប់ទាំងក្នុងផ្ទៃប្រទេស និងនាំទៅកាន់តំបន់ផ្សេងៗ ក៏ដូចជាការចូលរួមអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាពអនុតំបន់១១ ដែលបានដាក់ចេញកន្លងមកផងដែរ»។
ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានស្នើសុំកិច្ចបប្រជុំទាំងមូល ជាពិសេសអង្គការ យូ អិន អូ ឌី ស៊ី ពិនិត្យពិភាក្សាលើការកែសម្រួល និងរៀបចំផែនការសកម្មភាពអនុតំបន់ឱ្យមានភាពសមស្រប និងឆ្លើយតបផ្តោតលើទិដ្ឋភាពនៃបច្ចុប្បន្នភាពដូចជា ការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ គួរបង្វែរសកម្មភាពជាទ្រឹស្តី មកជាការអនុវត្តជាក់ស្តែង តាមរយៈការផ្តល់ថវិកា មធ្យោបាយ សម្ភារៈ និងការត្រួតពិនិត្យវាយតម្លៃ។ ពិនិត្យ និងវាយតម្លៃពីបញ្ហាជាក់ស្តែង ដែលនៅតែអាចផ្តល់ឱកាសឱ្យក្រុមឧក្រិដ្ឋជន អាចបង្វែរ និងនាំសាធារគីមីទៅកាន់តំបន់ត្រីកោណមាស និងធ្វើការផលិតគ្រឿងញៀនបានទៅតាមតំបន់នានា។ និងបញ្ហាជាក់ស្តែង និងបច្ចុប្បន្នភាពបំផុត គឺការផលិត ការកែច្នៃ និងការប្រើប្រាស់គ្រឿងញៀន ក្នុងប្រទេសនីមួយៗ និងតំបន់ទាំងមូលមានការកើនឡើង។ ដូច្នេះ តើយើងត្រូវរៀបចំ កែសម្រួលផែនការសកម្មភាពអនុតំបន់របស់យើងបែបណា? ទាំងនេះ គឺជាបញ្ហាខ្លះៗ ដែលខ្ញុំស្នើកិច្ចប្រជុំរបស់យើងគួរពិនិត្យ ពិភាក្សា និងពិចារណាជាដើមនោះ។
តាមរយៈកិច្ចប្រជុំវិដេអូពីចម្ងាយនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងស្នើដល់សហគមន៍អន្តរជាតិ អង្គការ យូអិនអូឌីស៊ី និងបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេសពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់នូវកិច្ចសហការចូលរួម និងគាំទ្រដំណើរការអនុវត្តន៍ផែនការសកម្មភាពអនុតំបន់របស់យើងឱ្យដំណើរការបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រោះថាការរួមចំណែក និងការគាំទ្រពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តន៍ផែនការសកម្មភាពនេះ គឺមិនត្រឹមតែជួយទប់ស្កាត់ និងកាត់បន្ថយនូវការគំរាមកំហែងពីគ្រឿងញៀនសម្រាប់តែប្រទេសក្នុងតំបន់នេះប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានទប់ស្កាត់នូវការចរាចរ និងការផលិតគ្រឿងញៀនពីតំបន់ត្រីកោណមាស ទៅកាន់តំបន់ផ្សេងៗ ក្នុងពិភពលោក ស្របតាមស្មារតីនៃការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ យូ អិន ហ្គាស កន្លងមក និងឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សប្រកបដោយចីរភាពផងដែរ៕
អត្ថបទ ៖ បាន ចក់




