គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការនាថ្ងៃទី១២ ខែសីហានេះ បានចុះជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋបាលខេត្តកំពង់ធំដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត។

ថ្លែងនៅក្នុងជំនួបនោះ ឯកឧត្តម សរ ចំរុង បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនាជាដើម។

បើតាមការឲ្យដឹងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានឲ្យដឹងថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលនៅក្នុងឆមាសទី១ ឆ្នាំ២០២៤នៅក្នុងខេត្តកំពង់ធំ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានលក្ខណៈល្អប្រសើរ បទល្មើសព្រហ្មទណ្ឌ នៅទូទាំងខេត្តមានការថយចុះជាងឆ្នាំទៅ ហើយការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាពត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តជាប្រចាំ ពិសេសការទប់ស្កាត់ និងការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។

នាពេលថ្មីៗនេះផងដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់បានធ្វើការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំបានទាំងស្រុង។ ជាមួយគ្នានេះផងដែរ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទទួលបានលទ្ធផលល្អប្រសើរធ្វើឱ្យមុខសញ្ញាចាស់ថយចុះជាបណ្តើរៗ រីឯមុខសញ្ញាថ្មី សមត្ថកិច្ចអាចកំណត់មុខសញ្ញាបាន និងធ្វើការបង្ក្រាបបានជាបន្តបន្ទាប់។ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាបជូនពីយន្តការដោះស្រាយវិវាទដីធ្លីក្នុងឆ្នាំ២០២៤ ដោយរដ្ឋបាលខេត្តបានទទួលបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ៣៥ករណី រួមទាំងមានវិធានការដោះស្រាយទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការក្នុងថ្នាក់ខេត្តផងដែរ៕



