វេជ្ជបណ្ឌិត នៅទូទាំងប្រទេសឥណ្ឌា បានធ្វើបាតុកម្ម កាលពីថ្ងៃចន្ទ ដើម្បីទាមទាររកយុត្តិធម៌ និងកន្លែងធ្វើការឲ្យមានសុវត្ថិភាពជាងមុន បន្ទាប់ពីមានករណីចាប់រំលោភ និងសម្លាប់គ្រូពេទ្យហាត់ការនៅទីក្រុងKolkata។
នគរបាល បានប្រទះឃើញសពជនរងគ្រោះនៅក្នុងសាលមួយរបស់មហាវិទ្យាល័យវេជ្ជសាស្ត្រ R.G. Kar បន្ទាប់ពីនាង ត្រូវបានគេចាប់រំលោភ និងសម្លាប់ កាលពីពេលយប់។

វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងគ្រូពេទ្យ បានចូលរួមក្នុងការតវ៉ាដែលរីករាលដាលនៅទីក្រុង Kolkata ទីក្រុងLucknow ទីក្រុងChandigarh និងរដ្ឋធានី New Delhi ។
ពួកគេ បានដើរដង្ហែក្បួន ស្រែកពាក្យផ្សេងៗ និងចូលរួមក្នុងបាតុកម្មអង្គុយ នៅខាងក្រៅមន្ទីរពេទ្យសាកលវិទ្យាល័យ ដោយមានកាន់ស្លាកបង្ហាញពីកំហឹង និងការខកចិត្តរបស់ពួកគេ។
អ្នកតវ៉ា និយាយថា យើងចង់បានយុត្តិធម៌សម្រាប់មនុស្សជាតិ រឿងនេះបានកើតឡើងចំពោះស្ត្រីម្នាក់ ដែលជាវេជ្ជបណ្ឌិត ហើយពុំមានការជាប់ពាក់ព័ន្ធណាមួយនៃនយោបាយ នៅក្នុងដំណើរការស៊ើបអង្កេតឡើយ។

ក្រុមបាតុករជាច្រើន បានទាមទារឱ្យមានអន្តរាគមន៍ពីការិយាល័យស៊ើបអង្កេតកណ្តាល (CBI) របស់ប្រទេស។ រដ្ឋមន្ត្រីរដ្ឋ West Bengal លោកស្រី Mamata Banerjee បាននិយាយ កាលពីថ្ងៃចន្ទថា នាយកមហាវិទ្យាល័យវេជ្ជសាស្ត្រ R.G. Kar បានលាលែងពីតំណែង។
លោកស្រី បានឱ្យនគរបាលកំណត់ពេលរហូតដល់ថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែសីហា ដើម្បីចាប់ខ្លួនជនសង្ស័យហើយប្រសិនបើមិនដូច្នេះទេ នឹងប្រគល់សំណុំរឿងនេះទៅការិយាល័យស៊ើបអង្កេតកណ្តាល (CBI) ។