កណ្ដាល ៖ បញ្ហាអនាម័យ បរិស្ថានជារឿយៗ ត្រូវអាជ្ញាធរតាមបណ្តាមូលដ្ឋាននានាតែងយកចិត្តទុកដាក់អនុវត្តន៍បានល្អប្រសើរគួរឲ្យកត់សម្គាល់ ធ្វើឲ្យប្រជាពលរដ្ឋមានការកោតសរសើរផងដែរ ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅមានតាមបណ្តាមូលដ្ឋាន រាជធានីខេត្ត មួយចំនួនផ្សេងទៀត ហាក់មិនសូវបានគិតគូរឲ្យបានល្អប្រសើរនៅឡើយនោះទេ ជាពិសេសបញ្ហា អនាម័យ និងបរិស្ថាននេះតែម្តង ។
ដោយឡែកបើយើងក្រឡេកទៅមើល អំពីបញ្ហាបរិស្ថាន អនាម័យ នៅលើកំណាត់ផ្លូវលេខ ១១៥ នៃមូលដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នកំពុងកើតមានស្ថានភាព យ៉ាប់យ៉ឺនខ្លាំងណាស់ ពីព្រោះមានដី ហុយទ្រលោម ខណៈរថយន្តដឹកដី ដឹកខ្សាច់ បើករដោយគ្មាន សណ្តាប់ធ្នាប់ ដូចមាន រូបភាពបញ្ជាក់ស្រាប់ ។
ពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានត្អូញត្អែរសារជាថ្មីម្តងទៀតថា ចំពោះស្ថានភាពផ្លូវលេខ១១៥ នៃមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលបច្ចុប្បន្ន មានសភាពយ៉ាប់យ៉ឺនបំផុត ពីព្រោះ មានដីហុយទ្រលោមរាល់ថ្ងៃបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព បរិស្ថានយ៉ាងធ្ងន់ធ្ងរ ទៅដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ ពិសេសនោះ គឺប៉ះពាល់ដល់សោភ័ណភាព នៃក្រុងតាខ្មៅ ខេត្តកណ្តាល តែម្តង ដោយសារវត្តមានរបស់ក្រុមរថយន្តដឹកដី និងរថយន្តដឹកខ្សាច់យ៉ាងច្រើនសន្ធឹកបើកបរលឿនៗណាស់ ។
ដោយសារបញ្ហាទាំងនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល ទាំងមូល សូមសំណូមពរអាជ្ញាធរជំនាញ ឬលោកអភិបាលក្រុងតាខ្មៅ មេត្តាចុះត្រួតពិនិត្យអំពីស្ថានភាពផ្លូវ និងបរិស្ថាន អនាម័យនៅតំបន់នោះផង ។
ពលរដ្ឋលើកឡើងថា តំបន់ដែលប៉ះពាល់បរិស្ថាន អនាម័យខ្លាំងជាងគេ នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល គឺនៅតាមបណ្ដោយផ្លូវលេខ១១៥ គិតចាប់ពីស្ពានព្រែកសំរោងត្រើយខាងលិចរហូតដល់ស្តុប ៦០ម៉ែត្រ ព្រុំប្រទល់ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមួយផ្នែកទៀតនៅ តាមបណ្ដោយផ្លូវលេខ ២១A ស្វាយរលំ សង្កាត់ស្វាយរលំ សង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ សង្កាត់តាក្ដុល និងសង្កាត់ព្រែកហូរ នៃក្រុងតាខ្មៅ ។
ពាក់ព័ន្ធព័ត៌មាននេះ BTV បានព្យាយាមទំនាក់ទំនងទៅកាន់លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ តាមរយះទូរស័ព្ទ នាវេលាម៉ោង ១៤ និង៤៩នាទី រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តេចូលតែនិយាយគ្នាស្តាប់មិនបាននោះទេ ឬក៏អាចមកពីសេវាខ្សោយ លុះតេម្តងទៀត ប៉ុន្តែមិនមានការទទួល ។
សូមជម្រាបជូនឲ្យដឹងថា ថ្លែងនៅក្នុងកិច្ចជុំ ក្រុមការងារអាជីវកម្មខ្សាច់ ដោយមានការចូលរួម ពីបណ្តាមន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នៅសាលាខេត្តកណ្តាល កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវគ្រប់គ្រងដេប៊ូខ្សាច់ឲ្យបានល្អ បើដេប៊ូខ្សាច់ណាមួយមិនមានអាជ្ញាប័ណ្ណស្របច្បាប់ ត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់។
លោកអភិបាលរងខេត្ត បានណែនាំទៀតថា រាល់ការដឹកខ្សាច់ ត្រូវអនុវត្ត តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ កុំឲ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។
លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដល់ព័ត៌មានមកដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការ នៅពេលដែលមានភាពមិនប្រក្រតី កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕
អត្ថបទ ៖ តារាវុទ្ធី