ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបាន «ការឆ្លើយតបដ៏ស័ក្តិសម» ហើយភារកិច្ចចម្បងរបស់យោធារុស្ស៊ី គឺការ បណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី។

មេដឹកនាំរុស្ស៊ី បាននិយាយនៅក្នុងកិច្ចប្រជុំប្រតិបតិ្តការមួយតាមរយៈវីដេអូខន់ហ្វឺរិន (videoconference)ស្តីពីស្ថានភាពនៅក្នុងតំបន់ព្រំដែនថា «សត្រូវពិតជានឹងទទួលបានការឆ្លើយតបដ៏ស័ក្តិសម ហើយគោលដៅទាំងអស់ដែលយើងកំពុងប្រឈមមុខ នឹងអាចសម្រេចបាន»។

លោក ពូទីន បាននិយាយថា វាច្បាស់ណាស់ថា កងទ័ពអ៊ុយក្រែន នឹងបន្តព្យាយាមធ្វើឲ្យស្ថានការណ៍នៅតំបន់ព្រំដែនមានអស្ថិរភាព ដើម្បីធ្វើឲ្យស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់រុស្ស៊ី មានអស្ថិរភាព។
លោកប្រធានាធិបតី បានអំពាវនាវដល់សេវាសន្តិសុខសហព័ន្ធរុស្ស៊ី រួមជាមួយនឹងឆ្មាំជាតិ ដើម្បីធានារបបនៃប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និងការប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងការបំផ្លិចបំផ្លាញ និងក្រុមឈ្លបយកការណ៍របស់អ៊ុយក្រែន នៅក្នុងតំបន់ព្រំដែន។
កងកម្លាំងអ៊ុយក្រែន បានឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបានវាយបំបែកផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ី។ បច្ចុប្បន្ននេះ យោធាអ៊ុយក្រែនកាន់កាប់កន្លែងតាំងទីលំនៅចំនួន ២៨ នៅក្នុងតំបន់។ នេះបើយោងតាមលោក Alexei Smirnov អភិបាលស្តីទីរបស់តំបន់នេះ។