គេហទំព័រ interia.pl បាននិយាយថា រថក្រោះ M1A2 Abrams ជាង ៨០ គ្រឿងដែលជាកម្មសិទ្ធិរបស់កងទ័ពសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានយោធា Powidze នៅភាគកណ្តាលប្រទេសប៉ូឡូញ។

យោងតាមប្រភពរបស់គេហទំព័រនេះ រថក្រោះទាំងអស់ ត្រូវបានបញ្ជូនពីមូលដ្ឋានអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសប៉ូឡូញ។ ការបញ្ជូននេះ ត្រូវបានគេរាយការណ៍ថា រថពាសដែក Bradley ប្រហែល ១៥០ គ្រឿង និងកាំភ្លើងផ្លោង M109 ចំនួន ២០ដើម ត្រូវបានបញ្ជូនទៅទីនោះផងដែរ។

គ្រឿងយុទ្ធបករណ៍របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមមកដល់មូលដ្ឋាន Powidze ក្នុងខែមេសា ឆ្នាំ ២០២៣។
គេហទំព័រនេះ កត់សម្គាល់ថា រថក្រោះទាំងអស់របស់សហរដ្ឋអាមេរិកដែលបានបញ្ជូននៅទីនោះ គឺជាម៉ូដែលចុងក្រោយបំផុត M1A2 Sep v3 ដែលមានប្រព័ន្ធការពាររឹងមាំ និងប្រព័ន្ធអេឡិចត្រូនិចទំនើបជាង មុន។
រថក្រោះ Abrams ដែលដាក់ពង្រាយនៅមូលដ្ឋាន Powidze ជាកម្មសិទ្ធិរបស់កងទ័ពអាមេរិក ហើយមានបំណងពង្រឹងផ្នែកខាងកើតរបស់អង្គការណាតូ។ កងទ័ពប៉ូឡូញ ក៏មានរថក្រោះ Abrams ផ្ទាល់ខ្លួនផង ដែរ។
នៅឆ្នាំ ២០២២ ប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកលើការផ្គត់ផ្គង់រថក្រោះ M1A2 Abrams ទំនើបចំនួន ២៥០គ្រឿង ក្នុងឆ្នាំ ២០២៥-២០២៦។ ក្រោយមក ទីក្រុងវ៉ាសូវី បាននិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន លើការបញ្ជូនរថក្រោះ M1A1 ចំនួន ១១៦ គ្រឿងទៀត។ យានិកជនជាតិប៉ូឡូញ បានទទួលការបណ្តុះបណ្តាលរួចហើយលើយានប្រយុទ្ធស្រដៀងគ្នារបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២២។