នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី ( Najib Mikati) បាននិយាយកាលពីថ្ងៃចន្ទថា ទំនាក់ទំនងការទូត កំពុងដំណើរការ ក្នុងទិសដៅជាច្រើន ដើម្បីធានាសន្តិសុខរយៈពេលវែង នៅភាគខាងត្បូងប្រទេសលីបង់។
លោក មីកាទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យរបស់លោកថា៖«យើងកំពុងផ្តោតលើកិច្ចប្រជុំ និងទំនាក់ទំនងការទូតរបស់យើងទាំងអស់ លើការអនុវត្តសេចក្តីសម្រេច លេខ ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខ (UN) ដែលជាមូលដ្ឋានគ្រឹះនៃការធានាស្ថិរភាព និងសន្តិសុខនៅភាគខាងត្បូងប្រទេសលីបង់»។
លោក បាននិយាយថា៖«ក្នុងសហការជាមួយអង្គការអន្តរជាតិពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ក្រសួង និងនាយកដ្ឋានទាំងអស់របស់លីបង់ នឹងបន្តចាត់វិធានការចាំបាច់ និងធ្វើសកម្មភាព ក្នុងក្របខ័ណ្ឌនៃផែនការសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល ដើម្បីដោះស្រាយស្ថានភាពដ៏លំបាក ដែលយើងកំពុងជួបប្រទះ និងគ្រប់ស្ថានការណ៍ដែលអាចកើតឡើង»។
យោងតាមនាយករដ្ឋមន្ត្រី រដ្ឋាភិបាលលីបង់ បានផ្សព្វផ្សាយឯកសារមួយកាលពីពីរថ្ងៃមុន ដែលរួមមានការកាត់បន្ថយការកើនឡើង និងការបញ្ឈប់សកម្មភាពបង្កហេតុ ដើម្បីបញ្ចៀសជម្លោះកាន់តែធំ ការអនុវត្តសេចក្តីសម្រេចលេខ ១៧០១ ដើម្បីធានាស្ថិរភាព ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្កើនសមត្ថភាពរបស់ប្រទេសលីបង់។ កងទ័ព និងគាំទ្របេសកកម្មរបស់កងកម្លាំងអង្គការសហប្រជាជាតិ នៅលីបង់ខាងត្បូង ដើម្បីធានាសន្តិសុខនិងស្ថិរភាព។