លោក Ali Bagheri Kani រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអ៊ីរ៉ង់ បានចែករំលែកសារមួយនៅលើគណនី បណ្តាញសង្គមរបស់លោកអំពីការសន្ទនាតាមទូរស័ព្ទជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន។
លោក Bagheri បាននិយាយថា៖«ក្នុងអំឡុងពេលសន្ទនារបស់យើង យើងបានពិភាក្សាគ្នាអំពីការការពារសកម្មភាពរបស់របបជ្វីហ្វនិយមពីការបង្កើនភាពតានតឹងហួសពីតំបន់ហ្កាហ្សាស្ទ្រីប តាមរយៈចំណាត់ការ ដ៏គ្រោះថ្នាក់នាពេលថ្មីៗនេះ នៅក្នុងប្រទេសលីបង់ យេម៉ែន និងការធ្វើឃាតលោក ហានីយេ នៅទីក្រុង តេអេរ៉ង់។ លោក Bagheri បានសង្កត់ធ្ងន់លើសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ក្នុងការឆ្លើយតបយ៉ាងសមស្រប ដើម្បីធានាស្ថិរភាព និងសន្តិសុខក្នុងតំបន់»។
ភាគីទាំងពីរ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការធ្វើឃាតនេះ ហើយបានបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិរួមគ្នា ដើម្បីបញ្ឈប់ការឈ្លានពានរបស់របបជ្វីហ្វនិយម នៅតំបន់ហ្កា ហ្សាស្ទ្រីប។
ប្រមុខការទូតអ៊ីរ៉ង់ បានកត់សម្គាល់ថា រដ្ឋមន្ត្រីការបរទេសចិន បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់របស់អ៊ីរ៉ង់ ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសនេះ។
លោកក៏បានបង្ហាញនូវបំណងចង់រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក អ៊ីស្មេល ហានីយេ ប្រធានការិយាល័យនយោបាយនៃចលនាតស៊ូឥស្លាមប៉ាឡេស្ទីន (ហាម៉ាស) និង អង្គរក្សម្នាក់ ត្រូវបានធ្វើឃាត ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងតេអេរ៉ង់ កាលពីព្រឹកថ្ងៃពុធ (ទី៣១ ខែកក្កដា)។