មហាអំណាចលោកខាងលិច បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទ (ទី១២ ខែសីហា) ដោយព្រមានអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះឲ្យ «ចៀសវាងការវាយប្រហារដែលនឹងធ្វើឲ្យភាពតានតឹងក្នុងតំបន់ឡើងកម្ដៅកាន់តែខ្លាំងឡើងៗ» នៅមជ្ឈិមបូព៌ា ខណៈពួកគេហាក់ដូចជាកំពុងឆ្ពោះទៅរកចំណុចទប់លែងជាប់ឆាប់ៗនេះ។
ប្រភពជាច្រើនក្នុងតំបន់ បានប្រាប់អ្នកសារព័ត៌មាន Fox News លោក Trey Yingst កាលពីថ្ងៃចន្ទថា ពួកគេព្រួយបារម្ភថា អ៊ីរ៉ង់ និងក្រុមធ្វើសង្គ្រាមតំណាងរបស់ប្រទេសនេះ អាចវាយប្រហារអ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ ដើម្បីជាការសងសឹក ចំពោះការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ កាលពីចុងខែមុន។
ជាមួយគ្នានេះ ក៏មានផងដែរនូវសារពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដែលអំពាវនាវដល់អ៊ីស្រាអែល និងក្រុមហាម៉ាស កុំឲ្យ «ពន្យារពេលបន្ថែមទៀត» ក្នុងការវិលត្រឡប់ទៅតុចរចាវិញ ដើម្បីធ្វើយ៉ាងណាឲ្យបានឈានដល់កិច្ចព្រមព្រៀងពបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ ខណៈដែលប្រទេសលីបង់កំពុងរៀបចំត្រៀមសម្រាប់ការរាលដាលសង្គ្រាមកាន់តែទូលំទូលាយ ហើយក្រុមរដ្ឋអ៊ិស្លាម (ISIS) កំពុងរៀបចំផែនការឡើងវិញ។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ក្រុមភេរវករហាម៉ាសប៉ាឡេស្ទីន បាននិយាយថា ខ្លួននឹងមិនចូលរួមក្នុងការចរចាថ្មី សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សាក្នុងសប្តាហ៍នេះទេ លុះត្រាតែអ្នកសម្រុះសម្រួលបង្ហាញផែនការដោយផ្អែកលើកិច្ចពិភាក្សាពីមុន។ ក្រុមហេសបូឡា ជាក្រុមភេរវករដែលមានមូលដ្ឋាននៅលីបង់ បានបាញ់រ៉ូក្កែតចំនួន ៣០គ្រាប់ ចូលទៅក្នុងភាគខាងជើងប្រទេសអ៊ីស្រាអែល បើទោះបីជាមិនមានរបាយការណ៍ពីអ្នកស្លាប់ និងរបួសក៏ដោយ។ កាសែត Washington Post បានរាយការណ៍ថា ក្រុមហេសបូឡា «ហាក់ដូចជាមិនមានការរារាំង» ប្រឆាំងនឹងអ៊ីស្រាអែលនោះឡើយ បើទោះបីជាបានទប់ទល់នឹងការវាយប្រហារតាមអាកាសអស់រយៈពេលជាច្រើនខែ ដែលបានសម្លាប់យុទ្ធជនរបស់ក្រុមនេះប្រមាណ ៤០០នាក់ក៏ដោយ។
ក្រុមភេរវកររដ្ឋឥស្លាម កំពុងបង្កើតឡើងវិញ នៅស៊ីរី ដោយក្រុមនេះបានបណ្តុះបណ្តាលសមាជិកថ្មីវ័យក្មេងឲ្យក្លាយជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងដឹកនាំការវាយប្រហារលើកងទ័ពសម្ព័ន្ធមិត្ត។ ជាការឆ្លើយតប យន្តហោះអាមេរិកកំពុងធ្វើការវាយប្រហារតាមអាកាស និងផ្តល់ការឃ្លាំមើលពីលើអាកាស សម្រាប់ប្រតិបត្តិការដីគោករបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីប្រឆាំងនឹងក្រុម ISIS ដែលត្រូវបានសង្ស័យ៕