សេតវិមាន កាលពីថ្ងៃចន្ទ (ទី១២ ខែសីហា) បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden មិនបានផ្តល់ការលើកលែងទោសដល់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ដើម្បីការពាររូបមិនឲ្យមានការកាត់ទោសបទល្មើសព្រហ្មទណ្ឌ នៅសហរដ្ឋអាមេរិក ជាថ្នូរនឹងការដែលលោកបោះបង់ចោលអំណាច ចាប់តាំងពីការបោះឆ្នោតរបស់ប្រទេស នៅអាមេរិកខាងត្បូងមួយនេះ កាលពីថ្ងៃទី២៨ ខែកក្កដា។
អាជ្ញាធររៀបចំការបោះឆ្នោតរបស់វេណេស៊ុយអេឡា បានប្រកាសថា លោក Maduro ជាអ្នកឈ្នះការបោះឆ្នោតជាមួយនឹងសំឡេង ៥១ភាគរយ ទោះបីជាស្ថាប័ននេះមិនទាន់មានចំនួនសន្លឹកឆ្នោតសរុបក៏ដោយ។
សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា សហរដ្ឋអាមេរិក នៅក្នុងកិច្ចចរចាសម្ងាត់ បានផ្តល់ការលើកលែងទោសដល់លោក Maduro ជាថ្នូរនឹងការបោះបង់អំណាច។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre ក្នុងអំឡុងសន្និសីទខ្លីមួយ កាលពីថ្ងៃចន្ទ បាននិយាយត្រឹមតែថា មិនមានការផ្តល់ជូននោះឡើយ ចាប់តាំងពីការបោះឆ្នោតនោះមក។
លោកស្រី Jean-Pierre បានប្រាប់ថា៖ «ចាប់តាំងពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដានោះមក យើងមិនបានធ្វើការផ្តល់ជូនជាក់លាក់ណាមួយនូវការលើកលែងទោសដល់លោក Maduro ឬអ្នកផ្សេងទៀតនោះទេ។ អ្វីដែលខ្ញុំអាចនិយាយបាន គឺចាប់តាំងពីការបោះឆ្នោតមក យើងមិនបានផ្តល់ជូននូវការលើកលេងបែបនោះឡើយ»៕