ក្រសួងការបរទេស កាលពីថ្ងៃចន្ទ (ទី១២ ខែសីហា) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិករំពឹងថា កិច្ចចរចាសន្តិភាព នៅតំបន់ហ្កាហ្សា នឹងដំណើរការទៅមុខតាមការគ្រោងទុក ដោយបន្ថែមថា ខ្លួនជឿថា កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតែអាចកើតឡើងបាន បើទោះបីជាក្រុមហាម៉ាស បានធ្វើឲ្យមានការសង្ស័យ ជុំវិញថា តើខ្លួននឹងចូលរួមក្នុងកិច្ចប្រជុំ នៅថ្ងៃព្រហស្បតិ៍ ដែលរៀបចំឡើងដោយអ្នកសម្រុះសម្រួលក៏ដោយ។
ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បានស្នើឲ្យអ្នកសម្រុះសម្រួលបង្ហាញផែនការដោយផ្អែកលើកិច្ចពិភាក្សាពីមុន ជំនួសឲ្យការចូលរួមក្នុងការចរចាថ្មី សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន មេដឹកនាំសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានជំរុញឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជួបចរចាគ្នា នៅថ្ងៃទី១៥ ខែសីហា នៅទីក្រុងគែរ (អេហ្ស៊ីប) ឬដូហា (កាតា) ដើម្បីបញ្ចប់សព្វគ្រប់នូវបទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ។
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យរងរបស់ក្រសួងការបរទេសអាមេរិក លោក Vedant Patel បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិករំពឹងយ៉ាងមុតមាំថា កិច្ចពិភាក្សានឹងបន្តទៅមុខ ហើយខ្លួននឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធ ដោយបន្ថែមថា កិច្ចព្រមព្រៀងនៅតែអាចសម្រេចបាន។
តែយ៉ាងណាក្ដី លោក Patel បានបដិសេធមិននិយាយនោះឡើយថា តើកិច្ចចរចានឹងប្រព្រឹត្តទៅដោយគ្មានក្រុមហាម៉ាស ឬថា តើទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការជាមួយដៃគូ ក្នុងតំបន់ ដើម្បីធានាឲ្យមានការចូលរួមពីក្រុមនេះដែរ ឬអត់៕