ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃចន្ទ បានពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងបង្ហាញឆន្ទៈក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Pezeshkian បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការដកចេញនូវឧបសគ្គនានា ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសអ៊ីរ៉ង់ និងរដ្ឋអឺរ៉ុប ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ មានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុបទាំងអស់ រួមទាំងប្រទេសអាល្លឺម៉ង់ ដោយផ្អែកលើមិត្តភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។នេះបើយោងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រនៃការិយាល័យរបស់លោក Pezeshkian ។
លោកបាននិយាយថា ការរក្សា និងការកែលម្អសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក គឺជាគោលនយោបាយដ៏សំខាន់របស់អ៊ីរ៉ង់។
ដោយចោទប្រកាន់អ៊ីស្រាអែលពីការបន្ត «ឧក្រិដ្ឋកម្ម និងការប្រល័យពូជសាសន៍» របស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ការរំលោភលើសន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងបង្កើតការប្រឈមយ៉ាងធ្ងន់ធ្ងរសម្រាប់សន្តិសុខក្នុងតំបន់ និងសន្តិភាពពិភពលោក លោក Pezeshkian បានអំពាវនាវឲ្យបណ្តាប្រទេសអឺរ៉ុប ជាពិសេសប្រទេសអាល្លឺម៉ង់ ដើរតួយ៉ាងមានប្រសិទ្ធភាពក្នុងការបញ្ចប់«ការប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលនៅហ្កាហ្សា ជំនួសឲ្យការគាំទ្រ។