ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសទួរគី លោក Jeff Flake បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានស្នើសុំសម្ព័ន្ធមិត្តរបស់ខ្លួន ដែលរក្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចុះបញ្ចូលទីក្រុងតេអេរ៉ង់ ឲ្យបន្ធូរបន្ថយភាពតានតឹង។
សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីលោក ដែលបាននិយាយនៅឯកិច្ចពិភាក្សាជាមួយអ្នកកាសែត នៅទីក្រុងអ៊ីស្តង់ប៊ុលថា៖«យើងស្នើឲ្យសម្ព័ន្ធមិត្តរបស់យើងទាំងអស់ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ធ្វើយ៉ាងណាឲ្យពួកគេបន្ធូរបន្ថយភាពតានតឹង»។
លោក Flake បានបន្ថែមថា៖«ពួកគេកំពុងធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីប្រាកដថា ភាពតានតឹង មិនកើនឡើងបន្ថែមទៀត»។
យោងតាមរបាយការណ៍មុននេះ អ៊ីរ៉ង់ បានធ្វើការរៀបចំស្រដៀងគ្នាទៅនឹងអ្វីដែលខ្លួនបានធ្វើមុនពេលមានការវាយប្រហារលើអ៊ីស្រាអែលកាលពីខែមេសា។ គេហទំព័រព័ត៌មាន Axios បានសរសេរដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលថា «ប្រជាជនអ៊ីរ៉ង់ បង្ហាញសញ្ញាដោយបើកចំហនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយ បន្ថែមពីលើសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ពួកគេថា ការវាយប្រហារនឹងលើសពីអ្វី ដែលពួកគេ បានធ្វើនៅក្នុងខែមេសា»។
ភាពតានតឹងនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងម្តងទៀត បន្ទាប់ពីការធ្វើឃាតលោក Ismail Haniyeh នៅក្នុងទីក្រុងតេអេរ៉ង់ និងការសម្លាប់លោក Fuad Shukr ដែលជាមេបញ្ជាការជាន់ខ្ពស់នៃចលនាហេសបូឡា ដែលមានមូលដ្ឋានក្នុងទីក្រុងបេរូត ប្រទេសលីបង់។ ប្រទេសអ៊ីរ៉ង់ ក្រុមហាម៉ាស និងហេសបូឡា បានស្តីបន្ទោសការសម្លាប់ទាំងនោះ លើអ៊ីស្រាអែល ដោយប្តេជ្ញាសងសឹក។