ភ្នំពេញ ៖ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក ស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងលោកជំទាវ យូ ឃីម ធីឡាយ បានអញ្ជើញចែកវិញ្ញាបនបត្របញ្ចប់ការសិក្សានៃកម្មវិធីអន្តរភាសាខ្មែរ-អង់គ្លេស ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលារៀនសុវណ្ណភូមិ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតិចណូ។
កញ្ញា ឡុង កែនណារ៉ូ អ្នកគ្រប់គ្រងកម្មវិធីអន្តរភាសាខ្មែរ-អង់គ្លេស(IEP) បានឲ្យដឹងថា គោលបំណងនៃពិធីប្រគល់វិញ្ញាបនបត្រថ្ងៃនេះ គឺដើម្បីអបអរសាទរដល់ការរីកចំរើននៃការសិក្សា និងស្នាដៃរបស់សិស្សានុសិស្សក្នុងឆ្នាំសិក្សាទាំងមូល។ កម្មវិធី IEP នៅសាលារៀនសុវណ្ណភូមិ ជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍ ដែលគោលដៅរបស់យើងគឺដើម្បីបណ្តុះបណ្តាលសិស្សរបស់យើង ឲ្យមានចំណេះដឹង ចរិតលក្ខណៈ ជំនាញជីវិត និងឌីជីថល។ កម្មវិធី IEP គឺជាកម្មវិធីសិក្សាពេញមួយថ្ងៃ ដែលផ្តល់ថ្នាក់ពេញមួយថ្ងៃសម្រាប់សិស្សានុសិស្សជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ចាប់ពីថ្នាក់មត្តេយ្យដល់បឋមសិក្សា និងអនុវិទ្យាល័យនៅសាលារៀនសុវណ្ណភូមិ។ គិតមកដល់ពេលនេះ មានសិស្សប្រហែល1500នាក់ ដែលបានបញ្ចប់ថ្នាក់រៀននៅឆ្នាំនេះ ក្នុងចំណោម 60ថ្នាក់ នៃទីតាំងចំនួន15សាខារបស់សាលារៀនសុវណ្ណភូមិ។
នាឱកាសនោះលោកឧកញ៉ា ជា ធីឡាយ អគ្គនាយក ស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានថ្លែងថា ប្អូនៗសិស្សានុសិស្ស ដែលមានវត្តមាននៅទីនេះ គឺជាសិស្សដែលមកពីទីតាំងក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ដែលមានចំនួនប្រមាណ ៨០០នាក់ និងពិតជាសប្បាយចិត្តណាស់ ដែលកុមារតូចៗរបស់សាលារៀនសុវណ្ណភូមិមានការរីកចម្រើននៅក្នុងការសិក្សា និងអាចសម្រេចគោលដៅរបស់ពួកគេបានយ៉ាងជោគជ័យសម្រាប់ឆ្នាំសិក្សានេះ។
លោកឧកញ៉ា ជា ធីឡាយ បានបញ្ជាក់ថា ចំពោះកម្មវិធីអន្តរភាសា (IEP) របស់សាលារៀនសុវណ្ណភូមិ យើងបានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍចំណេះដឹងរបស់សិស្សានុសិស្សទាំងអស់ ដោយជម្រុញបន្ថែមទៅលើការរៀន និងបង្រៀន និងលើកកម្ពស់ការសហការរវាងគ្រូបង្រៀន អាណាព្យាបាលសិស្ស និងសាលារៀនដើម្បីធានាបានគុណភាពនៃការសិក្សារបស់ប្អូនៗសិស្សានុសិស្សទាំងអស់។ ជាក់ស្តែងនៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សិស្សានុសិស្សនៅក្នុងកម្មវិធីអន្តរភាសា (IEP) បានសម្រេចនូវសមិទ្ធផលជាច្រើននៅក្នុងការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនោះប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រលាញ់! ប្អូនៗត្រូវចងចាំថា៖ត្រូវធ្វើជាអ្នកដឹកនាំចំពោះជីវិតរបស់ខ្លួនឯងដើម្បីអាចសម្រេចគោលដៅដែលប្អូនចង់បាន ត្រូវមានភាពប្រកួតប្រជែងដើម្បីការរីកចម្រើន និងស្វែងរកចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាព។ ជាចុងក្រោយ កុំបោះបង់ការសិក្សានិងក្តីស្រមៃរបស់ខ្លួនឯង។ បន្តការសិក្សារៀនសូត្រ ព្រោះចំណេះវិជ្ជា និងនាំអោយមានការផ្លាស់ប្តូរវិជ្ជមានសម្រាប់ជីវិត និងសហគមន៍។ មិនថាប្អូនជួបឧបសគ្គអ្វី ទេ លោកឧកញ៉ា ជឿជាក់លើសមត្ថភាពរបស់ប្អូនក្នុងការជំនះការលំបាកទាំងនោះ៕
អត្ថបទ រដ្ឋា























