រដ្ឋមន្ត្រីមួយរូប បាននិយាយនៅថ្ងៃអង្គារ នេះថា ចំនួនអ្នកស្លាប់ដោយសារភ្នំសម្រាម ដែលបានបាក់នៅក្នុងក្រុង Kampala បានកើនឡើងដល់ ២៥នាក់ ដោយពុំមានសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់ទៀតនោះទេ។ ភ្នំសំរាមដ៏ធំ នៅក្នុងស្រុក Kiteezi ភាគខាងជើងរដ្ឋធានី ប្រទេសអ៊ុយហ្គង់ដា បានបាក់រលំកាលពីថ្ងៃសៅរ៍ ដោយបានកប់មនុស្ស និងសត្វពាហនៈជាច្រើន។
លោកស្រី Lillian Aber រដ្ឋមន្រ្ដីប្រចាំរដ្ឋ របស់ប្រទេសអ៊ុយហ្គង់ដា ទទួលបន្ទុកការត្រៀមរៀបចំ និងសង្គ្រោះគ្រោះមហន្តរាយ បាននិយាយថា គិតត្រឹមល្ងាចថ្ងៃចន្ទ យើងបានរកឃើញសាកសពចំនួន២៥ នាក់ ហើយគ្មានអ្នកនៅរស់រានមានជីវិតទៀតនោះទេ។
លោកស្រី និយាយថា យើងមិនរំពឹងថាមានអ្នកនៅរស់បន្ថែមទៀតនោះទេ។ ភ្លាមៗនេះ គេមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់ដែលនៅបាត់ខ្លួននៅឡើយទេ។
ការិយាល័យនាយករដ្ឋមន្ត្រីប្រទេសអ៊ុយហ្គង់ដា បាននិយាយថា កុមារបីនាក់ដែលឪពុកម្តាយរបស់ពួកគេ នៅតែបាត់ខ្លួន កំពុងត្រូវបានផ្តល់ទីជម្រក។
ភ្លៀងធ្លាក់ខ្លាំង បានរារាំងដល់ការជួយសង្គ្រោះ ខណៈគ្រឿងចក្រជីកកាយសំរាម បានជីកកាយកាត់ភ្នំសំរាម។
ប្រធានាធិបតី លោក Yoweri Museveni បានដឹកនាំកងកម្លាំងពិសេសរបស់កងទ័ព ឱ្យជួយក្នុងការស្វែងរក។ លោកស្រី Aber និយាយថា តំបន់ការពារចម្ងាយ ២០០ ម៉ែត្រត្រូវបានបង្កើតឡើងនៅជុំវិញទីតាំងនោះ ហើយអ្នកស្រុក ត្រូវបានបញ្ជាឲ្យចាកចេញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ទីលានដីចាក់សំរាមមានទំហំ៣៦ហិចតា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ហើយចាក់សំរាមស្ទើរតែទាំងអស់ដែលប្រមូលបាននៅទូទាំងទីក្រុង Kampala ប្រហែល១.៥០០តោនក្នុងមួយថ្ងៃ។