ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបរវាងឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋ មន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាមួយលោក សោមពង្ស អាម៉នវិវឌ្ឍន៍ប្រធានគណបក្សភឿថៃ នៅទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៨ម្សិលមិញ ភាគីទាំងពីរបានសន្យាបន្តរឹតចំណងមិត្តភាព និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកគ្រប់កាលះទេសះ ទាងអស់ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងកិច្ចជំនួបនោះឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានថ្លែងអំណរគុណ លោក សោមពង្ស អាម៉នវិវឌ្ឍន៍ និងថ្នាក់ដឹកនាំគណបក្សភឿថៃដែលកន្លងមកតែងផ្តល់កិច្ចសហការល្អជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមជួយកម្ពុជាលើគ្រប់វិស័យតាំងពីអំឡុងពេលដែលគណបក្សនេះកាន់អំណាចដឹកនាំរាជរដ្ឋាភិបាលថៃ ជាពិសេសក្នុងពេលដែលលោកថាក់ស៊ីន លោកស្រីយីងឡាក់ ជានាយករដ្ឋមន្រ្តីនោះ។
ជាមួយគ្នានោះដែរឯកឧត្តមបានថ្លែងប្រាប់ដល់ភាគីគណបក្សភឿថៃផងដែរថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំបានធ្វើឱ្យប្រទេស ជាតិមាន សុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ច-សង្គម ជាលំដាប់ ជាពិសេសការកសាងខឿនសុខមាល ភាពយ៉ាង រឹងមាំជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួនជាង ៩៦,៦៧% នៃចំនួនប្រជាជនគោលដៅ ១០ លាននាក់ គិតត្រឹមថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ ដែលកម្ពុជានឹងសម្រេចឲ្យបាន ១០០% យ៉ាងយូរបំផុតនៅត្រឹមដំណាច់ឆ្នាំ២០២១ នេះផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបជូនភាគីថៃអំពីការត្រៀមបើកប្រទេសកម្ពុជាទទួលភ្ញៀវអន្តរជាតិឡើងវិញនៅត្រីមាសទី៤ ឆ្នាំ២០២១ ដោយក្រសួងទេសចរណ៍កម្ពុជាបាន ដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ ដាក់ឲ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា ព្រមទាំងត្រៀមបើកវេទិកាទេសចរណ៍អាស៊ាន (ASEAN TOURISM FORUM ATF 2022) នៅខេត្តព្រះសីហនុ នាថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ២០២២ ផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកសោមពង្ស អាម៉នវិវឌ្ឍន៍ បានថ្លែងកោតសរសើរ ចំពោះការដឹកនាំប្រទេសរបស់សម្តេចតេជោហ៊ុន សែន គឺជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃ និងគួរឲ្យគោរពមួយរូប ទាំងក្នុងតំបន់អាស៊ាន និងលើពិភពលោកនោះ។ លោកសោមពង្ស អាម៉នវិវឌ្ឍន៍ ក៏បានថ្លែងអំណរអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយនាពេលកន្លងទៅសម្តេចតែងតែ មានការយោគយល់ និងគាំទ្រដល់គណកប្សភឿថៃជារៀងរហូតមកនោះ៕អត្ថបទ ៖ ចក់





