អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយ បានប្រាប់ឲ្យដឹងថា សេវាមន្ទីរពេទ្យជាច្រើន ត្រូវបានរំខាន នៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសឥណ្ឌា នាថ្ងៃអង្គារ (ទី១៣ ខែសីហា) នេះ បន្ទាប់ពីការតវ៉ារបស់ក្រុមគ្រូពេទ្យរីករាលដាលទូទាំងប្រទេស ក្រោយមានករណីចោទប្រកាន់ពីបទរំលោភ និងសម្លាប់គ្រូពេទ្យវ័យ ៣១ឆ្នាំម្នាក់ នៅទីក្រុង Kolkata ភាគខាងកើត។
រូបភាពទូរទស្សន៍ បានបង្ហាញឲ្យឃើញក្រុមគ្រូពេទ្យរាប់ពាន់នាក់ដើរដង្ហែក្បួន កាលពីថ្ងៃចន្ទ (ទី១២ ខែសីហា) ដើម្បីតវ៉ាចំពោះឧបទ្ទវហេតុ នៅមន្ទីរពេទ្យដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដោយអំពាវនាវឲ្យរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងឲ្យមានវិធានការសន្តិសុខកាន់តែប្រសើរជាងនេះ ដែលការតវ៉ានេះធ្វើឲ្យសេវាមន្ទីរពេទ្យជាច្រើនគាំងដំណើរ នៅរដ្ឋ West Bengal។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការតវ៉ាបានផ្ទុះឡើងទូទាំងប្រទេស នៅថ្ងៃទី១៣ ខែសីហានេះ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យរដ្ឋាភិបាលជាង ៨.០០០នាក់ នៅរដ្ឋ Maharashtra ភាគខាងលិច ដែលជាទីតាំងរបស់រដ្ឋធានីហិរញ្ញវត្ថុ Mumbai ដោយបានបញ្ឈប់ការងារ នៅក្នុងមន្ទីរពេទ្យទាំងអស់ លើកលែងតែសេវាសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។
រូបភាពទូរទស្សន៍ Reuters បានបង្ហាញថា នៅរដ្ឋធានី New Delhi និស្សិតពេទ្យពាក់អាវពណ៌ស កាន់ផ្ទាំងរូបភាពដែលសរសេរថា «គ្រូពេទ្យមិនមែនជាគោលដៅនៃការវាយប្រហារទេ» ខណៈដែលពួកគេអង្គុយតវ៉ានៅខាងក្រៅមន្ទីរពេទ្យរដ្ឋាភិបាលដ៏ធំមួយ ដើម្បីទាមទារឲ្យមានការស៊ើបអង្កេត។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អ្នកជំងឺរាប់ពាន់នាក់កំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយសារការតវ៉ាស្រដៀងគ្នានេះ នៅក្នុងទីក្រុងនានា ដូចជារដ្ឋធានី Lucknow របស់រដ្ឋ Uttar Pradesh ដែលមានប្រជាជនច្រើនជាងគេ និងនៅភាគខាងលិចរដ្ឋរមណីយដ្ឋានទេសចរណ៍ Goa ដោយបានប៉ះពាល់ដល់សេវាមន្ទីរពេទ្យមួយចំនួន។ អ្នកនាំពាក្យក្រសួងសុខាភិបាល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
ក្រុមគ្រូពេទ្យកំពុងបន្តធ្វើឲ្យបរិយាកាសនៅកន្លែងធ្វើការរបស់ពួកគេមិនមានសុវត្ថិភាព សូម្បីតែបន្ទាប់ពីមានការចាប់ខ្លួន កាលចុងសប្តាហ៍ ចំពោះនគរបាលស្ម័គ្រចិត្ត នៅទីក្រុង Kolkata ពាក់ព័ន្ធឃាតកម្មលើវេជ្ជបណ្ឌិត និងក្រោយពីការលាលែងរបស់នាយកមហាវិទ្យាល័យវេជ្ជសាស្ត្រ ជាកន្លែងដែលហេតុការណ៍បានកើតឡើង៕