មេធាវីរបស់ដើមចោទ បានប្រាប់ឲ្យដឹងថា តុលាការបង់ក្លាដែស នៅថ្ងៃអង្គារ (ទី១៣ ខែសីហា) នេះ បានសម្រេចឲ្យមានការស៊ើបអង្កេត ជុំវិញតួនាទីរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ពាក់ព័ន្ធនឹងការស្លាប់របស់ម្ចាស់ហាងលក់គ្រឿងទេស ក្នុងរដ្ឋធានីដាក្កា ក្នុងអំឡុងពេលមានការតវ៉ាដឹកនាំដោយនិស្សិត ដែលជាហេតុការណ៍បណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន កាលពីខែមុន។
មេធាវីរបស់ជនរងគ្រោះ Hamza គឺលោក Anwarul Islam បាននិយាយថា បណ្ដឹងដែលប្តឹងដោយកលោក Amir Hamza ប្រឆាំងនឹងលោកស្រី Hasina និងមនុស្ស ៦នាក់ផ្សេងទៀត ត្រូវបានទទួលយកដោយតុលាការរបស់ចៅក្រមទីក្រុងដាក្កា បន្ទាប់ពីមានសវនាការ។ លោកចៅក្រម Rajesh Chowdhury បានសម្រេចឲ្យនគរបាលស៊ើបអង្កេតករណីនេះ។
នេះជាករណីដំបូងហើយដែលបានប្តឹងប្រឆាំងនឹងលោកស្រី Hasina បន្ទាប់ពីមាននូវការបះបោរដោយហិង្សាដែលបានសម្លាប់មនុស្សប្រហែល ៣០០នាក់ ដោយភាគច្រើនជានិស្សិតមហាវិទ្យាល័យ និងសាកលវិទ្យាល័យ។ អតីតនាយករដ្ឋមន្ត្រីរូបនោះបានភៀសខ្លួនទៅប្រទេសឥណ្ឌា កាលពីថ្ងៃទី៥ សីហា ហើយបានទៅជ្រកកោន នៅក្រុង New Delhi។
គួរបញ្ជាក់ថា អ្នកលក់គ្រឿងទេសឈ្មោះ Hamza នៅហាង Abu Saeed ត្រូវបានសម្លាប់កាលពីថ្ងៃទី១៩ ខែកក្កដាប្រហែលម៉ោង ៤រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១០ ម៉ោងសកល) ដែលនៅពេលនោះ រូបលោកត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើង ពេលកំពុងឆ្លងកាត់ផ្លូវ ខណៈដែលនគរបាលបានបាញ់ទៅលើសិស្សដែលតវ៉ា និងមនុស្សផ្សេងទៀត ដែលធ្វើបាតុកម្មប្រឆាំងនឹងកូតាការងាររបស់រដ្ឋាភិបាល នៅក្នុងតំបន់ Mohammadpur របស់ទីក្រុងដាក្កា៕