រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya នៅថ្ងៃអង្គារ (ទី១៣ ខែសីហា) នេះ បាននិយាយថា នគរបាលទួរគី បានចាប់ខ្លួនបុរសពាក់ម៉ាស់វ័យ ១៨ឆ្នាំម្នាក់ បន្ទាប់ពីមនុស្ស ៥នាក់ បានរងរបួស ក្នុងហេតុការណ៍វាយប្រហារដោយចាក់នឹងកាំបិត នៅភាគពាយព្យនៃទីក្រុង Eskisehir។
ដោយមានពាក់មួកសុវត្ថិភាព គ្របថ្ងាស និងពាក់អាវកាក់ការពារគ្រាប់កាំភ្លើង ជនដៃដល់បានចាក់មនុស្សចំនួន ៥នាក់ដែលកំពុងអង្គុយលេងក្នុងសួនច្បារនៃវិហារអ៊ិស្លាម ដោយបានបណ្តាលឲ្យ ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប្រព័ន្ធផ្សព្វផ្សាយទួរគី បានចាក់ផ្សាយវីដេអូដែលទំនងជាថតដោយជនល្មើសផ្ទាល់តែម្ដង ខណៈដែលរូបគេប្រញាប់ប្រញាល់រត់ឆ្លងកាត់សួន ដោយមនុស្សម្នានាំគ្នារត់គេចប្រសេចប្រសាច នៅពេលរូបគេចូលទៅកៀក។ ទីភ្នាក់ងាររដ្ឋ Anadolu បានឲ្យដឹងថា បុរសនោះបានធ្វើការវាយប្រហារនោះ នៅក្រោមឥទ្ធិពលនៃវីដេអូហ្គេម ប៉ុន្តែមិនបានបញ្ជាក់ពីប្រភព សម្រាប់ការអះអាងនោះទេ។
នៅថ្ងៃអង្គារនេះ លោក Yerlikaya បាននិយាយថា នគរបាលបានឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីមានហេតុការណ៍ដែលលោកបានពិពណ៌នាថា ជាការវាយប្រហារដោយចៃដន្យ។ បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Yilmaz Tunc បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា រដ្ឋអាជ្ញាបានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ៕