អូឡាំពិក៖ វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការសិក្សាតាមប្រព័ន្ធអនឡាញរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។ ពិធីបិទវគ្គសិក្សាប្រចាំឆ្នាំដែលទទួលបានការឧបត្ថម្ភគាំទ្រ ពីអង្គការសាមគ្គីអូឡាំពិកអន្ដរជាតិនេះបានធ្វើឡើងក្រោមវត្ដមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។

វគ្គសិក្សានេះមានសិក្ខាកាមចូលរួមសរុបចំនួន ៣២នាក់ក្នុងនោះមានស្ដ្រី ៧នាក់ដែលមកពីគណៈកម្មការជំនាញនីមួយៗ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងមន្ដ្រីសហព័ន្ធកីឡាជាតិដើម្បីស្វែងយល់បន្ថែមនូវចំណេះដឹង និងបទពិសោធការងារកីឡាដែលធ្វើបទបង្ហាញដោយអ្នកជំនាញកីឡា។ ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការរៀបចំវគ្គសិក្សាប្រចាំឆ្នាំនេះ សម្រាប់មន្ដ្រីដែលកំពុងបម្រើការងារកីឡានៅតាមស្ថាប័ន និងសហព័ន្ធកីឡាជាតិដើម្បីស្វែងយល់ពីប្រវត្តិអង្គការសាមគ្គីអូឡាំពិក រចនាសម្ព័ន្ធកីឡា ការអភិវឌ្ឍគ្រូបង្វឹក ការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ការកំណត់និស្ស័យកីឡា ការរៀបចំព្រឹត្តិការណ៍កីឡា និងការជំរុញសកម្មភាពស្ដ្រីក្នុងកីឡាជាដើម។ ឯកឧត្តមបន្ដថា ដោយទទួលបានការជំរុញពីឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC ក្រោមកិច្ចសហការយ៉ាងល្អជាមួយអង្គការសាមគ្គីអូឡាំពិកអន្ដរជាតិ វគ្គសិក្សានេះបានរៀបចំឡើងរៀងរាល់ឆ្នាំទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ហើយឯកឧត្តមរំពឹងថា វគ្គនេះនឹងធ្វើឲ្យសិក្ខាកាមចូលរួមទទួលបានចំណេះដឹងបន្ថែមពីចរន្តការងាររដ្ឋបាលកីឡា និងការងារទំនាក់ទំនងក្នុងរង្វង់ជំនាញកីឡាឲ្យកាន់តែរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក ឯម ហៀង គណៈគ្រប់គ្រងវគ្គនេះបានគូសបញ្ជាក់ថា ឆ្លងកាត់ការសិក្សាវគ្គសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡារយៈពេល ៤ថ្ងៃក្រោមការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនៃអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ និងបង្រៀនដោយគ្រូឧទ្ទេសចំនួន ៣រូបតាមប្រព័ន្ធបច្ចេកវិទ្យា Zoom ចំពោះលទ្ធផលរួមមាន៖ និទ្ទេសល្អណាស់មានចំនួន ៧នាក់ស្នើនឹង ៣០% និទ្ទេសល្អមានចំនួន ១០នាក់ស្នើនឹង ៤៣% និងនិទ្ទេសមធ្យមមាន ៦នាក់ស្មើនឹង ២៧%៕
អត្ថបទ៖ លី ឈុនភាព