អង្គការសប្បុរសធម៌ Save the Children បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា កុមារហៃទី យ៉ាងហោចណាស់៥នាក់បានស្លាប់ ឬរងរបួសក្នុងមួយសប្តាហ៍ មកទល់ពេលនេះក្នុងឆ្នាំ ២០២៤ ដោយជំរុញឱ្យអង្គការសហប្រជាជាតិ និងកងកម្លាំងសន្តិសុខប្រឹងប្រែងបន្ថែមទៀតដើម្បីការពារកុមារពីការបាញ់ប្រហារ និងអំពើហិង្សារបស់ក្រុមជនអន្ធពាល។

ប្រទេសហៃទីក្នុងឆ្នាំ ២០២២ បានអំពាវនាវឱ្យមានបេសកកម្មសន្តិសុខ ដើម្បីជួយដល់កងកម្លាំងនគរបាលរបស់ខ្លួនប្រយុទ្ធនឹងក្រុមជនអន្ធពាល ដែលបានកាន់កាប់ភាគច្រើននៃរដ្ឋធានី ដោយនាំមកនូវការសម្លាប់រង្គាលដោយមិនរើសមុខ ការរំលោភផ្លូវភេទពីសំណាក់ក្រុមជនអន្ធពាល ការជំរិតទារប្រាក់ និងជ្រើសរើសអនីតិជនចូលក្នុងជួរកងកម្លាំងរបស់ពួកគេ។
បេសកកម្មសន្តិសុខមានភាពយឺតយ៉ាវ ហើយរហូតមកដល់ពេលនេះមានតែនគរបាលកេនយ៉ាចំនួន ៤០០នាក់ប៉ុណ្ណោះ ដែលត្រូវដឹកនាំបេសកកម្មផ្តល់សច្ចាប័នពីអង្គការសហប្រជាជាតិ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសហៃទី ខណៈប្រទេសនានា បានយឺតយ៉ាវក្នុងការផ្តល់ការសន្យាលើថវិកា បុគ្គលិក និងរថពាសដែក។

ដោយលើកឡើងពីទិន្នន័យរបស់អង្គការសហប្រជាជាតិ អង្គការ Save the Children បាននិយាយថា កុមារយ៉ាងហោចណាស់១៣១ នាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០២៤ ជារឿយៗដោយសារតែគ្រាប់កាំភ្លើងបាញ់ខុសគោលដៅ ឬការសងសឹកចំពោះការគាំទ្រក្រុមគូប្រជែង ឬនគរបាល ហើយបាននិយាយថាចំនួនពិតទំនងជាខ្ពស់ខ្លាំងជាងនេះ។
ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា អំពើហិង្សានៅទីក្រុង ហ្គានធាអេ (Ganthier) បានកើតឡើងកាលពីថ្ងៃទី ១ ខែសីហា បានធ្វើឱ្យអ្នកស្រុកជិត ៦.០០០នាក់ ភៀសខ្លួនចេញពីទីជម្រក៕