អាជ្ញាធរប្រស៊ីលបាននិយាយថា អ្នកជំនាញផ្នែកកោសល្យវិច្ច័យនៅឯកន្លែងតម្កល់សពរបស់ទីក្រុង សៅប៉ូឡូ (Sao Paulo) គិតត្រឹមថ្ងៃអង្គារ (១៣ សីហា) បានកំណត់អត្តសញ្ញាណសាកសព ៣៥នាក់ ក្នុងចំណោមមនុស្សទាំង ៦២នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះក្នុងតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង វីញ៉េដូ (Vinhedo) កាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។

យន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសប្រេស៊ីល KC-390 បានដឹកសាកសពអ្នកដំណើរបីនាក់ត្រឡប់ទៅទីក្រុង កាស្កាវែល (Cascavel) ភាគខាងត្បូងប្រទេសប្រេស៊ីល ហើយនឹងបន្តដឹកជញ្ជូនសាកសពទៅឱ្យសាច់ញាតិបន្ថែមទៀតនៅពេលពួកគេត្រូវបានបញ្ជូនចេញពីកន្លែងតម្កល់សពរបស់នគរបាល។

ទីតម្កល់សពបាននិយាយថា រហូតមកដល់ពេលនេះ ខ្លួនបានប្រគល់សាកសព ១៧នាក់ជូនក្រុមគ្រួសាររួមជាមួយលិខិតបញ្ជាក់មរណភាព។ មូលហេតុដែលនាំឱ្យយន្តហោះ ATR-72 ផលិតដោយបារាំង ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ វ៉ូប៉ាស (Voepass) បានធ្លាក់ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញប្រអប់ខ្មៅដែលមានឧបករណ៍ថតសំឡេង និងឧបករណ៍ថតទិន្នន័យហោះហើររបស់យន្តហោះ ហើយកំពុងធ្វើការនៅមជ្ឈមណ្ឌលស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍របស់ប្រទេសប្រេស៊ីល (Cenipa) ក្នុងទីក្រុង ប្រាស៊ីលីយ៉ា (Brasilia) ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ៕