លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា គោលដៅរួមរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាគឺត្រូវ «ធ្វើឱ្យសីតុណ្ហភាពចុះត្រជាក់» រារាំង និងការពារ ប្រឆាំងការវាយប្រហារណាមួយនៅពេលអនាគត និងបញ្ចៀស ជម្លោះក្នុងតំបន់។

លោកស្រី បាននិយាយទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាថា «នោះគឺត្រូវចាប់ផ្តើមដោយការបញ្ចប់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់បន្ទាន់ ជាមួយនឹងការដោះលែងចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា។ យើងចាំបាច់ធ្វើរឿងនេះឱ្យដល់ទីបញ្ចប់។

សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ ទៅកាន់មេដឹកនាំប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីការកាត់បន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃចន្ទ មេដឹកនាំនៃប្រទេសទាំងប្រាំ បាននិយាយថា ពួកគេគាំទ្រការអំពាវនាវពីសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប សម្រាប់ការចរចាជាថ្មីសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។