ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ រួមជាមួយនឹងការប្រយុទ្ធគ្នាដ៏បង្ហូរឈាមដែលនៅបន្ត បានបណ្តាលឱ្យមានស្ថានភាពធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ូដង់។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ កំពុងធ្វើឲ្យប៉ះពាល់ដល់មនុស្ស ១៤៣.០០០នាក់នៅទូទាំងរដ្ឋចំនួន១២ ក្នុងចំណោមរដ្ឋចំនួន១៨ របស់ប្រទេសស៊ូដង់។

ការិយាល័យបាននិយាយថា ទឹកជំនន់បានជម្លៀសប្រជាជន ២៧.០០០នាក់ ចាប់តាំងពីខែមិថុនា មក។ ទីក្រុង El Fasher នៅរដ្ឋ North Darfur ជារដ្ឋមួយក្នុងចំណោមរដ្ឋដែលកំពុងរងការវាយប្រហាធ្ងន់ធ្ងរបំផុត។ អង្គការ OCHA និយាយថា លំនៅឋានរាប់រយខ្នង បានរងការខូចខាត ឬត្រូវបានបំផ្លាញ នៅទីតាំង Abu Shouk សម្រាប់ជនភៀសខ្លួនខាងក្នុងប្រទេស ជាកន្លែងដែលគណៈកម្មាធិការពិនិត្យគ្រោះទុរភិក្ស (IPC) បានព្រមានអំពីស្ថានភាពអត់ឃ្លាន។

ការិយាល័យបាននិយាយថា ទឹកជំនន់កំពុងធ្វើឱ្យមានការលំបាកកាន់តែខ្លាំងដល់ប្រជាជន ខណៈការប្រយុទ្ធគ្នាខ្លាំងនៅក្នុង និងជុំវិញទីក្រុង El Fasher ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបន្តជម្លៀសប្រជាជនងាយរងគ្រោះ និងដាក់ការរឹតត្បិតយ៉ាងខ្លាំងដល់ដំណើរការសេវាជាមូលដ្ឋានរបស់ប្រជាជន។ ការចូលទៅកាន់ជំរំ Abu Shouk និងតំបន់ផ្សេងទៀតនៃទីក្រុង El Fasher នៅតែមានឧបសគ្គខ្លាំងដោយសារតែការប្រយុទ្ធគ្នា និងទឹកជំនន់ ដែលធ្វើឲ្យមានបញ្ហាប្រឈមនានាទៅនឹងសមត្ថភាពរបស់បុគ្គលិកផ្តល់ជំនួយ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។
ក្រុមអង្គការមនុស្សធម៌ និយាយថា ទោះបីជាមានបញ្ហាប្រឈមក៏ដោយ អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌របស់ខ្លួន កំពុងធ្វើការយ៉ាងខ្លាំង ក្នុងការផ្តល់ជំនួយនៅក្នុងតំបន់ជួបភាពអត់ឃ្លាន រួមទាំងនៅភាគខាងលិចទីក្រុង Darfur និងផ្នែកផ្សេងទៀតរបស់ប្រទេស។
អង្គការ OCHA បាននិយាយដដែលៗពីការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព និងឱ្យភាគីទាំងអស់គោរពតាមកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីការពារជនស៊ីវិល និងអនុញ្ញាតឱ្យជនស៊ីវិលឆ្លងកាត់ដោយសុវត្ថិភាព និងជួយសម្រួលដល់ដំណើរការផ្តល់ជំនួយមនុស្សធម៌ឲ្យយ៉ាងឆាប់រហ័ស និងគ្មានការរារាំង។