សហជីពកម្មករដ៏ធំបំផុតរបស់ក្រុមហ៊ុន ស៊ែមសុង អេឡិចត្រូនិច (Samsung Electronics) នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា ខ្លួននឹងចាប់ផ្តើមធ្វើកូដកម្មរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ (១៥ សីហា) ស្អែកនេះ ដើម្បីដាក់សម្ពាធលើក្រុមហ៊ុនទាមទារប្រាក់ឈ្នួលខ្ពស់ និងប្រាក់រង្វាន់បន្ថែម បន្ទាប់ពីកិច្ចពិភាក្សាជាមួយថ្នាក់គ្រប់គ្រងមិនមានផ្លែផ្កាកាលពីខែកក្កដា។

លោក លី ហ្យ៉ុនគុក (Lee Hyun-kuk) អនុប្រធាននៃសហជីពជាតិ ស៊ែមសុង អេឡិចត្រូនិច (NSEU) បាននិយាយនៅក្នុងការផ្សាយតាមបណ្ដាញ យូធូប (YouTube) ថា «កូដកម្មនេះត្រូវបានធ្វើឡើងជាយុទ្ធសាស្រ្តដើម្បីធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន»។

លោកបាននិយាយថា សហជីពដែលសមាជិក ៣៦.៥០០នាក់បង្កើតបានប្រហែល ៣០ភាគរយនៃកម្លាំងពលកម្មកូរ៉េខាងត្បូងរបស់ក្រុមហ៊ុន Samsung Electronics រំពឹងថាក្រុមហ៊ុននឹងមិនមានបុគ្គលិកការិយាល័យបម្រុងគ្រប់គ្រាន់សម្រាប់គាំទ្រខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទេក្នុងអំឡុងពេលកូដកម្មដែលបានគ្រោងទុក ដោយសារតែកម្មករជាច្រើននឹងឈប់សម្រាកក្នុងថ្ងៃបុណ្យជាតិនៅថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ក្រុមហ៊ុននឹងធានាថាមិនមានការរំខានដល់ផលិតកម្ម និងប្រកាន់ខ្ជាប់នូវគោលការណ៍ «មិនធ្វើការ មិនមានប្រាក់ឈ្នួល» របស់ខ្លួន ខណៈបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តកិច្ចពិភាក្សាជាមួយសហជីព»។ សហជីព បានប្រកាសថាខ្លួននឹងធ្វើកូដកម្មមិនកំណត់កាលពីខែកក្កដា ប៉ុន្តែបានស្នើឱ្យសមាជិកចូលធ្វើការវិញនៅដើមខែសីហា បន្ទាប់ពីការចរចាជាបន្តបន្ទាប់ជាមួយនឹងថ្នាក់គ្រប់គ្រងមិនបានសម្រេច៕