មេដឹកនាំបក្សប្រឆាំងនៅប្រទេសវ៉េណេស៊ុយអេឡា លោកស្រី ម៉ារៀ ខូរីណា ម៉ាឆាដូ (Maria Corina Machado) បាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បាន «ពឹងផ្អែក» លើបណ្ដាមេដឹកនាំយោធាជាន់ខ្ពស់របស់ប្រទេស ដើម្បីរក្សាអំណាច បន្ទាប់ពីការបោះឆ្នោតដែលមានជម្លោះកាលពីខែមុន។

យោធារបស់វេណេហ្ស៊ុយអេឡា បានគាំទ្រលោក Maduro ជាយូរយារណាស់មកហើយ ដែលកាន់អំណាចតាំងពីឆ្នាំ២០១៣មក ហើយមិនមានសញ្ញាសាធារណៈណាមួយចាប់តាំងពីការបោះឆ្នោតថាមេដឹកនាំកងកម្លាំងប្រដាប់អាវុធកំពុងបំបែកចេញពីរដ្ឋាភិបាលទេ។

អាជ្ញាធររៀបចំការបោះឆ្នោត (CNE) ដែលបក្សប្រឆាំងនិយាយថាស្មោះត្រង់នឹងលោក Maduro បានប្រកាសថាប្រធានាធិបតីរូបនេះបានឈ្នះឆ្នោតម្ដងទៀត ខណៈក្រុមប្រឆាំងជំទាស់ថាបេក្ខជនរបស់ខ្លួនគឺលោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) ជាអ្នកឈ្នះ។
អាជ្ញាធរបោះឆ្នោត CNE មិនទាន់បានចេញផ្សាយការរាប់សន្លឹកឆ្នោតលម្អិតទេ ហើយគណបក្សប្រឆាំងបានបង្ហោះតួលេខសន្លឹកឆ្នោតរបស់ខ្លួនតាមអ៊ីនធឺណិត ដែលបង្ហាញថាលោក Gonzalez ទទួលបានសម្លេងឆ្នោតទ្វេដងលើសលោក Maduro ។

លោកស្រី Machado បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានអនឡាញមួយកាលពីថ្ងៃអង្គារ ដោយអំពាវនាវឱ្យប្រជាជនវេណេស៊ុយអេឡាទាំងក្នុងប្រទេស និងក្រៅប្រទេស ធ្វើការតវ៉ានៅថ្ងៃសៅរ៍ (១៧ សីហា) ខាងមុខនេះ ដើម្បីបង្ខំឱ្យលោក Maduro «គោរព» លទ្ធផលឆ្នោត៕