រាជរដ្ឋាភិបាលនីតិកាលទី៧បានចាត់ទុកការងារគាំពារសង្គម ជាការងារអាទិភាពសំខាន់មួយ សម្រាប់កម្មវិធីនយោបាយរបស់ខ្លួន។ សម្រាប់ការងារគាំពារសង្គមនេះ ការអនុវត្តកម្មវិធី «កញ្ចប់គ្រួសារ» ក៏ជាផ្នែកដ៏សំខាន់ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តពេញផ្ទៃប្រទេសផងដែរ។ ត្រឹមរយៈពេលចាប់ពីការអនុវត្ត នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ មកត្រឹមថ្ងៃទី ៤ ខែសីហា រាជរដ្ឋាភិបាល បានប្រើប្រាស់ថវិកាអស់ចំនួនជិត ២៥លានដុល្លារ រួចមកហើយ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្វះខាត។ នេះបើផ្អែកលើទិន្នន័យដែល ទទួលបានពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា។
តាមរបាយការណ៍ទទួលបានពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាក្រសួងសាម៉ី ទទួលខុសត្រូវលើការបើកសាច់ប្រាក់ សម្រាប់ការអនុវត្តកម្មវិធី «កញ្ចប់គ្រួសារ» លើកឡើងថា ចាប់រាប់ពីការអនុវត្តកម្មវិធី នៅខែមេសា ឆ្នាំ ២០២៤ មកដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៤ដដែលនេះ រាជរដ្ឋាភិបាល បានប្រើប្រាស់ថវិកាអស់ជិត ២៥លានដុល្លារ។ ថវិកានេះ គឺផ្ដល់ជូនក្រុមគោលដៅជាប្រចាំខែ លើកលែងតែស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ដែលពួកគេអាចទទួលបាននៅពេល ពិនិត្យផ្ទៃពោះចំនួន ៤ដង ពេលសម្រាល ១ដង និងក្រោយសម្រាលចំនួន ១០ ដង។
ឯគឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ជារាជរដ្ឋាភិបាល ដែលមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ។ ក្នុងនាមជាក្រសួងសាម៉ី អនុវត្តលលើការបើកសាច់ប្រាក់ ឯកឧត្តម សំណូមពរឱ្យប្រជាពលរដ្ឋទទួលផល ត្រូវតែប្រើប្រាស់ថវិកាដែលរាជរដ្ឋាភិបាលផ្ដល់ជូន ឱ្យចំគោលដៅ។ ចំគោលដៅ បូករួមទាំងការស្វះស្វែងបង្កើតមុខរបរ ដើម្បីផ្លាសប្ដូរជីវភាព ទៅភាពប្រសើរ។
សូមជម្រាបថា ជាគោលដៅក្នុងការផ្លាស់ប្ដូរជីវភាពប្រជាពលរដ្ឋឱ្យចាកផុតពីភាពក្រីក្រ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ ក៏បានអនុវត្តការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដោយមិនគិតថ្លៃ និងផ្ដល់ជាថវិកាគាំទ្រ ២៨ ម៉ឺនរៀលក្នុងមួយខែសម្រាប់ការសិក្សាផងដែរ។ ការអនុវត្តនេះគ្របដណ្ដប់លើគ្រប់បណ្ដារាជធានី-ខេត្ត ពេញផ្ទៃប្រទេសផងដែរ ដោយក្រសួងការងារ ជាអ្នកទទួលខុសត្រូវលើការបណ្ដុះបណ្ដាល រីឯក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកទទួលខុសត្រូវលើការបើកសាច់ប្រាក់៕អត្ថបទ៖គឹមហុក


