បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចបន្តអនុវត្តបំរាមគោចរពេលយប់ រយៈពេល ៧ថ្ងៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា (Delta) ខណៈខេត្តនៅជាប់ព្រំដែនថៃមួយនេះ បានរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី កើនឡើងជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ ។
យោងតាមសេចក្តីសម្រេច រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលខេត្តអនុវត្តបំរាមគោចរនៅពេលយប់ មួយសប្ដាហ៍ទៀត គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែករណីមួយចំនួន ។
សេចក្តីសម្រេច បន្តថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ សេចក្តីសម្រេច នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ គឺបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទវីរុសបំប្លែងថ្មីដែលតា មានទាំងពលករត្រឡប់មកពីប្រទេសថៃ និងការឆ្លងនៅក្នុងសហគមន៍ ក្នុងនោះមានទាំងពលរដ្ឋ និងមន្ត្រីសុខាភិបាល ។
ឯកឧត្តម បញ្ជាក់ថា នារយៈពេលចុងក្រោយនេះ ការរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នៅក្នុងសហគមន៍ មានចំនួនច្រើនជាងពលករ ហើយអត្រាពលករឆ្លងដែនមកពីប្រទេសថៃ តាមច្រកនានា ជាប់ខេត្តបន្ទាយមានជ័យ ក៏មានការថយចុះផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ចំនួន៧៣៨ករណី ឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានរកឃើញចំនួន ១ ១១៣ករណី ៕
អត្ថបទ ៖ សុខរិទ្ធ