ការសិក្សាមួយរបស់ក្រុមអ្នកនិពន្ធដែលបានបញ្ចេញនៅសប្តាហ៍នេះដោយប្រើប្រាស់យានចុះចត InSight របស់អង្គការណាសា បង្ហាញថា មាននូវភស្តុតាងបញ្ជាក់ពីបរិមាណទឹកដ៏ច្រើននៅផ្ទៃជ្រៅរបស់ភពព្រះអង្គារ ។
លោក Vashan Wright គឺជាអ្នកនិពន្ធមកពីវិទ្យាស្ថានមហាសមុទ្រ Scripps នៃសាកលវិទ្យាល័យ California San Diego និយាយថា ការរកឃើញនៃការសិក្សារបស់ពួកយើង ពុំបាននិយាយពីអ្វីមួយថាតើមាន ឬគ្មានជីវិតនៅលើភពមួយនេះនោះឡើយ ។
លោកបន្តថា រឿងមួយគត់ដែលពួកយើងអាចនិយាយបាន គឺធាតុផ្សំដ៏សំខាន់មួយសម្រាប់ជីវិត ដូចដែលពួកយើងដឹងស្រាប់ សម្រាប់ការរស់នៅគឺមាននៅក្រោមដីជម្រៅពី ១១គ.ម ទៅ ២០គ.ម ហើយវាទំនងជាមានអស់រយៈពេលរាប់ពាន់លានឆ្នាំមកហើយ ។
ការសិក្សាដែលបានបញ្ចេញកាលពីថ្ងៃចន្ទ ជំរុញការស្រាវជ្រាវសម្រាប់ជីវិតនៅទីនោះ ហើយនិងបង្ហាញអ្វីដែលអាចនឹងបានកើតឡើងចំពោះមហាសមុទ្រសម័យបុរាណរបស់ភពព្រះអង្គារ ។
យានចុះចត InSight ដែលបានស្ថិតនៅលើភពដីក្រហមមួយនេះ ចាប់តាំងពីឆ្នាំ ២០១៨រហូតមកនោះ បានវាស់ទិន្នន័យរញ្ជួយដីអស់រយៈពេលជាង ៤ឆ្នាំមកហើយ ដោយពិនិត្យមើលវិធីដែលការរញ្ជួយដីអង្រ្គួនដី និងកំណត់ថាតើមានសារធាតុអ្វីខ្លះនៅក្រោមផ្ទៃភពព្រះអង្គារ ។

ដោយផ្អែកលើទិន្នន័យនេះ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញបរិមាណទឹកនៅក្រោមដី ដែលគេគិតថាចាំបាច់សម្រាប់ជីវិត ហើយការសិក្សាភូមិសាស្រ្ត បង្ហាញថា ផ្ទៃភពព្រះអង្គារ មានបឹង ទន្លេ និងមហាសមុទ្រកាលពីរយៈពេលជាង ៣ពាន់លានឆ្នាំមុន ៕