អង្គការសហប្រជាជាតិ និងមន្ត្រីរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអង្គារថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងសាណា (Sanaa)ប្រទេសយេម៉ែន ត្រូវបាន បិទដោយសារការវាយប្រហាររបស់កងកម្លាំងហ៊ួទី។
នៅក្នុងការកើនឡើងនៃភាពតានតឹងរវាងក្រុមហ៊ួទី និងអង្គការអន្តរជាតិដែលប្រតិបត្តិការនៅក្នុងប្រទេសយេម៉ែន អង្គការសហប្រជាជាតិ និងមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ បានបញ្ជាក់ប្រាប់សារព័ត៌មានស៊ីនហួថា កងកម្លាំងប្រដាប់អាវុធហ៊ួទី បានធ្វើប្រតិបត្តិការវាយឆ្មក់នៃបរិវេណរបស់ OHCHR ដែលមានទីតាំងនៅសង្កាត់ Hadda នៃទីក្រុងសាណា កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍មុន។
ក្នុងអំឡុងពេលប្រតិបត្តិការ ក្រុមសកម្មប្រយុទ្ធ បានរឹបអូសយកសម្ភារៈ យានយន្ត ទ្រព្យសម្បត្តិ និងឯកសារ ផ្សេងៗ ដែលជាកម្មសិទ្ធិរបស់ការិយាល័យ រួមទាំងហាដឌីស (hard disk) ដែលរក្សាទុកព័ត៌មានអេឡិចត្រូនិកសំខាន់ៗផងដែរ។
ប្រភពមួយនៅក្នុងគណៈកម្មាការUN ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ពីឧប្បត្តិហេតុនេះ ដោយនិយាយថា «ខ្មាន់កាំភ្លើងមកពីក្រុមហ៊ួទី បានចូលទីស្នាក់ការកណ្តាលរបស់យើង ធ្វើការស្វែងរកយ៉ាងទូលំទូលាយ និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង»។
បន្ទាប់ពីការវាយឆ្មក់នោះ ក្រុមខ្មាន់កាំភ្លើងហ៊ួទី បានបណ្តេញបុគ្គលិក និងបិទការិយាល័យ OHCHR ទាំងស្រុង។
តាមរយៈមន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការច្បាប់ និងសិទ្ធិមនុស្ស រដ្ឋាភិបាលយេម៉ែន បានបញ្ជាក់អំពីឧបទ្ទវហេតុនេះ ដោយនិយាយថា «ការវាយឆ្មក់ប្រឆាំងនឹងការិយាល័យ UN គឺជាផ្នែកមួយនៃគំរូដ៏ទូលំទូលាយនៃអរិភាពរបស់ក្រុមហ៊ួទីចំពោះអង្គភាពអន្តរជាតិ ដែលប្រតិបត្តិការ នៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសយេម៉ែន។