ក្រសួងការបរទេសកាតាកាលពីថ្ងៃអង្គារ បានថ្កោលទោសដាច់អហង្ការចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋ មន្ត្រីអ៊ីស្រាអែលពីររូប ទៅកាន់បរិវេណវិហារ Al-Aqsa ដែលជាទីតាំងដ៏សំខាន់ នៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើតថា ជា «ការបង្កហេតុ» និងជា «ការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់»។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីធ្វើឲ្យប៉ះពាល់ស្ថានភាពសាសនា និងប្រវត្តិសាស្ត្រនៃវិហារឥស្លាម Al-Aqsa មិនត្រឹមតែជាការវាយប្រហារលើប្រជាជនប៉ាឡេស្ទីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើអ្នកកាន់សាសនាឥស្លាមរាប់លាននាក់ នៅជុំវិញពិភពលោកទៀតផង»។
ក្រសួង បានព្រមានថា ការរំលោភទាំងនេះ អាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយបានជំរុញសហគមន៍អន្តរជាតិ ឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការវាយប្រហារទាំងនេះ។
កាលពីព្រឹកថ្ងៃអង្គារ រដ្ឋមន្ត្រីសន្តិសុខជាតិស្តាំជ្រុលរបស់អ៊ីស្រាអែលលោក Itamar Ben-Gvir បានធ្វើដំណើរទស្សនកិច្ចបង្កហេតុមួយ ទៅកាន់បរិវេណនោះ។ នៅក្នុងវីដេអូដែលចេញផ្សាយដោយការិយាល័យរបស់ខ្លួន លោក Ben-Gvir ត្រូវបានគេឃើញអមដោយអ្នកគាំទ្រស្តាំនិយមជ្រុល ដើរជុំវិញបរិវេណនោះ ហើយស្រែកថា «ប្រជាជនអ៊ីស្រាអែល ត្រូវតែមានទីលំនៅ!»