រុស្ស៊ី កាលពីថ្ងៃអង្គារ (ទី១៣ ខែសីហា) បានអះអាងថា កងកម្លាំងរបស់ខ្លួន បានទប់ស្កាត់សកម្មភាពរុលទៅមុខរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk ដោយបានវាយប្រហារលើបុគ្គលិកយោធា និងគ្រឿងយុទ្ធោបករណ៍របស់អ៊ុយក្រែន ខណៈដែលទីក្រុងគីវឯណោះវិញ បានប្រាប់ថា បានគ្រប់គ្រងដែនដីបន្ថែមទៀតនៃតំបន់ Kursk ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃដែលចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានវាយប្រហារបុគ្គលិក និងគ្រឿងយុទ្ធោបរណ៍នៃកងពលតូចផ្នែកមេកានិចទី២២ ទី៦១ និងទី១១៥ របស់កងទ័ពអ៊ុយក្រែន និងកងពលតូចផ្នែកវាយប្រហារតាមអាកាសទី៨០ និងទី៨២ នៅក្នុងតំបន់ Kursk។
យោងតាមរបាយការណ៍នោះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែនមានស្លាប់ និងរបួសជាង ២.០០០នាក់ ដោយខូចខាតរថក្រោះចំនួន ៣៥គ្រឿង រថពាសដែកដឹកជញ្ជូនបុគ្គលិក ៣១គ្រឿង រថពាសដែកប្រយុទ្ធ ១៨គ្រឿង រថយន្តការពារគ្រាប់ ១៧៩គ្រឿង យានយន្ត ៧៨គ្រឿង ប្រព័ន្ធមីស៊ីលការពារដែនអាកាស ៤គ្រឿង គ្រាប់រ៉ូក្កែត ២គ្រាប់ និងកាំភ្លើងធំចំនួន ១៤ដើម។
ជាមួយគ្នានេះ របាយការណ៍ក៏បានបញ្ជាក់ខ្លីៗផងដែរអំពីប្រតិបត្តិការ នៅគោលដៅផ្សេងទៀត ដោយកត់សម្គាល់ថា កងទ័ពរុស្ស៊ីបានបំផ្លាញយន្តហោះចម្បាំង Su-27 និងបានវាយប្រហារប្រព័ន្ធមីស៊ីលការពារដែនអាកាសចំនួន ៣គ្រឿងរបស់កងទ័ពអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ហើយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូនចំនួន ៥២គ្រឿង និងឧទ្ធម្ភាគចក្រប្រភេទ Mi-8 មួយគ្រឿង។
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃអង្គារនោះ បានប្រាប់ឲ្យដឹងថា ការវាយលុករបស់កងកម្លាំងយោធាអ៊ុយក្រែន នៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី បានបន្តទៅមុខជាលំដាប់។ លោក Zelensky បាននិយាយថា អ៊ុយក្រែនបានគ្រប់គ្រងលើការតាំងទីលំនៅចំនួន ៧៤កន្លែង នៅក្នុងតំបន់ Kursk ដោយកត់សម្គាល់ថា «ការត្រួតពិនិត្យ និងវិធានការស្ថេរភាព» កំពុងត្រូវបានអនុវត្ត នៅតំបន់តាំងទីលំនៅទាំងនោះ។ ហើយលោកបានបន្ថែមថា ការរៀបចំត្រៀមសម្រាប់ «ជំហានបន្ទាប់» របស់អ៊ុយក្រែន ក៏កំពុងដំណើរការទៅផងដែរ៕