ជាង ២សប្តាហ៍បន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានអះអាងពីការជោគជ័យក្នុងការជាប់ឆ្នោតឡើងវិញ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត កំពុងបង្ហាញសញ្ញានូវតិចតួចពីការមានសកម្មភាពដ៏តឹងតែងយ៉ាងឆាប់រហ័ស ជុំវិញអ្វីដែលពួកគេភាគច្រើន បានថ្កោលទោសថា ជាការបន្លំសន្លឹកឆ្នោត។
រដ្ឋាភិបាលភាគច្រើនបានទាមទារឲ្យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) របស់ប្រទេសវេណេស៊ុយអេឡា បញ្ចេញសន្លឹកឆ្នោតសរុបទាំងស្រុង បន្ទាប់ពីទាំងលោក Maduro និងបេក្ខជនគណបក្សប្រឆាំង គឺលោក Edmundo Gonzalez សុទ្ធតែបានប្រកាសពីជ័យជម្នះដូចគ្នា។ ប្រេស៊ីល និងប្រទេសផ្សេងទៀត កំពុងព្យាយាមធានាឲ្យមានកិច្ចចរចា រវាងភាគីទាំង២ ជាគូអរិដែលមិនអាចផ្សះផ្សាគ្នាបាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
មន្ត្រីស្ថានទូតមួយរូបដែលមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈ បានប្រាប់ថា បណ្ដារដ្ឋាភិបាលលោកខាងលិច កំពុងព្យាយាម «ចាត់វិធានការដោយប្រុងប្រយ័ត្ន» ដោយគ្មានប្រទេសណាចង់ធ្វើសកម្មភាពមុននោះទេ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell កាលពីថ្ងៃចន្ទ (ទី១២ ខែសីហា) បានជំរុញឲ្យចេញផ្សាយកំណត់ត្រាបោះឆ្នោត បញ្ចប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងឲ្យមានការសន្ទនា រវាងគូប្រជែង។ តែយ៉ាងណាក្ដី ប្លុកនេះមិនបានរំពឹងទុកថា ខ្លួននឹងមានវិធានការអ្វីទេ។
មន្ត្រី ៣រូបមកពីប្រទេសផ្សេងៗគ្នា បាននិយាយថា ការឆ្លើយតបដែលត្រូវបានថ្លឹងថ្លែងយ៉ាងច្បាស់លាស់ ធ្វើឡើងនៅពេលដែលពួកគេចងចាំពីអ្វីដែលបានកើតឡើង បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់លោក Maduro ក្នុងឆ្នាំ២០១៨។ ពេលនោះ ការបោះឆ្នោតត្រូវបានថ្កោលទោសយ៉ាងឆាប់រហ័សថា ជារឿងអាម៉ាស់ ហើយនាំទៅរកការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើប្រទេសសមាជិកអង្គការ OPEC មួយនេះ។ រដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយក្រុមប្រឆាំង ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ នៅក្រៅប្រទេស ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនៅទីបំផុត បានរលាយបាត់ ដោយបានពង្រឹងដល់ការកានអំណាចរបស់លោក Maduro។
ប្រភពទាំង៣ បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក បាន និងកំពុងទាក់ទងទៅដៃគូ ក្នុងតំបន់ និងអន្តរជាតិ ដើម្បីរៀបចំការឆ្លើយតបដែលត្រូវបានសម្របសម្រួល។ ដោយប្រយ័ត្នប្រយែង សហរដ្ឋអាមេរិកបានទទួលស្គាល់លោក Gonzalez ជាអ្នកឈ្នះ ប៉ុន្តែមិនបានហៅលោកថា ជាប្រធានាធិបតីជាប់ឆ្នោតនោះទេ៕