ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស បាននិយាយថា ប្រទេសអ៊ីរ៉ង់ អាចសម្រេចចិត្តក្នុងប៉ុន្មានម៉ោងខាងមុខនេះ ដើម្បីសងសឹកអ៊ីស្រាអែលចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ។
លោក បានថ្លែងក្នុងបទសម្ភាសន៍ជាមួយអគ្គនាយករងទី១ របស់សារព័ត៌មាន TASS លោក Mikhail Gusman បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
លោក អាបាស បាននិយាយថា៖ «ការសម្រេចចិត្តមួយ អាចនឹងត្រូវបានធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ឬក៏ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ប៉ុណ្ណោះ»។
លោកបានបន្តថា៖ «ជាដំបូង យើងជាប៉ាឡេស្ទីនប្រឆាំងនឹងសង្គ្រាម។ យើងបានប្រកាសជាផ្លូវការ នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ថា យើងប្រឆាំងនឹងសង្គ្រាម និងប្រឆាំងនឹងការសម្លាប់ជនស៊ីវិល ស្ត្រី និងកុមារ»។
«យើងមិនទាន់អាចដឹងមុនថា នឹងមានអ្វីកើតឡើងនៅឡើយទេ ប៉ុន្តែយើងអាចសង្ឃឹមថា នឹងមិនមានការកើនឡើងភាពតានតឹង គ្មានសង្គ្រាម ដែលផលវិបាកនៃសង្គ្រាម គឺពិបាកក្នុងការវាយតម្លៃណាស់»។
លោក បានថ្លែងថា៖«មានការសន្ទនាដ៏តានតឹង ដែលកំពុងកើតឡើងរវាងប្រទេសទាំងអស់។ «បញ្ហាដែលគួរឲ្យព្រួយបារម្ភបំផុតនៅពេលនេះ គឺកម្រិតណានៃការឆ្លើយតបពីប្រទេសអ៊ីរ៉ង់ចំពោះការធ្វើឃាតលោក អ៊ីស្មេល ហានីយេ»។