អតីតមេទ័ពជើងទឹកចិនម្នាក់ ដែលត្រូវបានចាប់ខ្លួនពីបទចូលកោះតៃវ៉ាន់ដោយខុសច្បាប់តាមទូក ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅថ្ងៃពុធ (ទី១៤ ខែសីហា) ប៉ុន្តែរដ្ឋអាជ្ញា បាននិយាយថា «មិនមានការពាក់ព័ន្ធផ្នែកយោធា ឬសន្តិសុខជាតិ» ត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពរបស់ជននេះនោះទេ។
បុរសនោះមានឈ្មោះថា Ruan ត្រូវបានឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ ចាប់បាន កាលពីខែមិថុនា បន្ទាប់ពីនាវារបស់គេបានបុកជាមួយទូកផ្សេងទៀត នៅលើទន្លេ Tamsui ដែលហូរពីរដ្ឋធានីតៃប៉ិទៅកាន់ឆ្នេរសមុទ្រភាគខាងជើងនៃកោះនេះ។
ក្រុមមន្ត្រីបានប្រាប់ថា លោកគឺជាម្នាក់ ក្នុងចំណោមមនុស្ស ១៨នាក់ដែលត្រូវបានរាយការណ៍ថា បានភៀសខ្លួនចេញពីប្រទេសចិន ដែលទាមទារកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន។
លោក Ruan វ័យ ៦០ឆ្នាំ ដែលត្រូវបានអាជ្ញាធរកោះតៃវ៉ាន់កំណត់អត្តសញ្ញាណថា ជាអតីតកាពីទែននៅក្នុងកងទ័ពជើងទឹកចិននោះ បើតាមសេចក្តីរាយការណ៍បានប្រាប់មន្ត្រីឆ្មាំសមុទ្រនៅកន្លែងកើតហេតុថា រូបលោកចង់ «រត់ចេញពីប្រទេស»។
ការិយាល័យរដ្ឋអាជ្ញាតំបន់ Shilin នៅថ្ងៃទី១៤ ខែសីហានេះ បានចោទប្រកាន់លោកពីបទបំពានច្បាប់គ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសចិន និងពីបទចូលកោះតៃវ៉ាន់ដោយគ្មានការអនុញ្ញាត៕