អភិបាលរងក្រុង លោក Hamid Mousavi បាននិយាយថា សមយុទ្ធការពារដែនអាកាសរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ ត្រូវបានធ្វើឡើងនៅជិតទីក្រុងកំពង់ផែ Astara នៅតំបន់ភាគខាងត្បូងនៃសមុទ្រកាសព្យែន កាលពីថ្ងៃអង្គារ។
លោក Mousavi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Mehr News ថា៖«សមយុទ្ធការពារដែនអាកាសរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ ត្រូវធ្វើឡើងនៅជិតមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Astara កាលពីល្ងាចថ្ងៃអង្គារ»។ មន្ត្រីរូបនេះបាននិយាយថា គ្រាប់រំសេវផ្ទុះជាច្រើន នឹងត្រូវបានប្រើក្នុងសមយុទ្ធនោះ។
សេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ បានកើតឡើង ចំពេលមានការកើនឡើងភាពតានតឹង នៅក្នុងតំបន់មជ្ឈិម បូព៌ាជុំវិញការធ្វើឃាតកាលពីថ្ងៃទី ៣១ ខែកក្កដា លើលោក អ៊ីស្មេល ហានីយេ ដែលជាប្រធានការិយាល័យនយោបាយរបស់ប៉ាឡេស្ទីនហាម៉ាស នៅទីក្រុងតេអេរ៉ង់។ ក្រុមហាម៉ាស និងអ៊ីរ៉ង់ បានឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះការស្លាប់របស់លោក ហានីយេ ហើយបានសន្យាថា នឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរ។ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែសីហា កងឆ្មាំបដិវត្តន៍ឥស្លាម បានធ្វើសមយុទ្ធនៅខេត្ត Kermanshah របស់អ៊ីរ៉ង់ នៅជិតទីក្រុង Qasr-e Shirin ជាប់ព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់។