ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងជាច្រើនវគ្គមកនេះ ក្រុមសិស្សនៃវិទ្យាល័យ ជា ស៊ីមសាមគ្គី និងក្រុមសិស្សមកពីវិទ្យាល័យ ទួលទំពូង បានជាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតជជែកដេញដោលថ្នាក់ជាតិ។ ក្រុមទាំងពីរនឹងត្រូវចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រយកជើកឯក នៅខែតុលាឆ្នាំ ២០២០ខាងមុខ។
ជុំវិញការប្រកួតជជែកដេញដោលថ្នាក់ជាតិឆ្នាំ ២០២១ ដែលរៀបចំឡើងដោយក្រសួង អប់រំ នាពេលនេះ បានរកឃើញក្រុមសិស្សមកពីវិទ្យាល័យចំនួន ២ដើម្បីចូលរួមវគ្គផ្ដាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទិ ២៤ ខែតុលាខាងមុខ។ សម្រាប់ក្រុមដែលនឹងចូលរួមប្រកួតវគ្គផ្ដាច់ព្រ័តខាងមុខនេះ គឺមកពីវិទ្យាល័យ ជា ស៊ីម សាមគ្គី និងសិស្សមកពិវិទ្យាល័យទួលទំពូង។
ការរៀបចំការប្រកួតជជែកដេញដោលថ្នាក់ជាតិនេះ គឺធ្វើឡើង ដើម្បីឆ្លើយតបតាមគោលនយោបាយ ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា និងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយកំណត់យកសិស្សថ្នាក់ទី១១ តាមគ្រឹះស្ថានអប់រំរដ្ឋនិងឯកជន នៅរាជធានីភ្នំពេញជាគោលដៅអាទិភាព។ ការប្រកួតជជែកដេញដោលថ្នាក់ជាតិនេះ ធ្វើឡើងក្នុងគោលបំណង បណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោលក្នុងការរួមចំណែក ដោះស្រាយបញ្ហាជាតិ ឬបញ្ហាផ្សេងៗ ដែលពួកគេជួបប្រទះ។
ហើយកម្មវិធីនេះ ក៏នឹងចូលរួម កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម។
លើសពីនេះ ក៏ជួយពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ការទាក់ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈ និងផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលក្នុងសមរភូមិគំនិត នៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា។
ម្យ៉ាងវិញទៀត ការប្រកួតជជែកដេញដោលថ្នាក់ជាតិនេះ ក៏បានបង្កើនបណ្តាញទំនាក់ទំនងល្អរវាងយុវជននិងយុវជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងតម្លៃមិត្តភាពផង និងពង្រីកធនធានយុវជន ដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់ជាតិកម្ពុជា៕ អត្ថបទ៖ គឹម ហុក




