ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ យោធាអាមេរិក បានបំផ្លាញនាវាពីរគ្រឿងដែលប្រើប្រាស់ដោយសមាជិកនៃចលនា Ansar Allah (ក្រុមហ៊ួទី)នៃប្រទេសយេម៉ែន នៅក្នុងសមុទ្រក្រហម។
CENTCOM បាននិយាយនៅលើបណ្តាញសង្គម X ថា៖«ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ កងកម្លាំងនៃ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (USCENTCOM) បានបំផ្លាញដោយជោគជ័យនូវនាវារបស់ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ចំនួនពីរគ្រឿង នៅក្នុងសមុទ្រក្រហម»។
បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រុមហ៊ួទី បានព្រមានថាពួកគេ នឹងបើកការវាយប្រហារលើទឹកដីអ៊ីស្រាអែល ខណៈពេលដែលរារាំងនាវាដែលពាក់ព័ន្ធជាមួយរដ្ឋ ជ្វីហ្វ មិនឲ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb រហូតដល់ ទីក្រុងតែលអាវីវ (Tel Aviv)បានបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅក្នុងតំបន់ដែល កំពុងមានការប្រយុទ្ធគ្នានេះ។ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក នាវាស៊ីវិលរាប់សិបគ្រឿង ត្រូវបានវាយប្រហារដោយក្រុមហ៊ួទី នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ។